ឃុំខ្លួនតៃកុងរថយន្ត ដែលបើកបុកបុរសវ័យចំណាស់ស្លាប់នៅខណ្ឌដង្កោ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០ ១៨នេះលោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធករណី បើករថយន្ត កូរ៉េ បុកបុរសជាមន្ត្រីចូលនិវត្តម្នាក់ ស្លាប់នៅខណ្ឌដង្កោ។

ប្រភពបានបពន្ដថា ជនត្រូវចោទឈ្មោះ វ៉ន ប៊ុណ្ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាងដែក មានទីលំនៅបច្ចុប្បន្ននៅភូមិស្រែញរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ក នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ៣០ម៉ែត្រ ភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

គួររំលឹកថា ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ បើករថយន្តកូរ៉េ ត ទ្រុងមួយគ្រឿង បុកជនរងគ្រោះ សែម ផុន ភេទ ប្រុស អាយុ ៧៥ឆ្នាំ មុខរបរ មន្ត្រីរាជការ ចូលនិវត្តន៍ ស្លាប់នៅកន្លែងកើតត្រង់ចំណុចផ្លូវបេតុង ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕