រថយន្តពីរគ្រឿង បើកលឿនដូចហោះ ជ្រុលទៅបុកគ្នា ខ្ទាតចូលប្រឡាយលូទឹកស្អុយ ជាប់មនុស្សប្រុសស្រី២នាក់

ភ្នំពេញ៖  រថយន្តពីរគ្រឿង បើកលឿនដូចហោះ ជ្រុលទៅបុកគ្នានៅផ្លូវបំបែកលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តម្ខាងទៀត រេចង្កូតហោះចូលក្នុងប្រឡាយលូទឹកស្អុយ ជាប់មនុស្សប្រុសស្រី២នាក់ នៅក្នុងរថយន្ត តែត្រូវបានអ្នកឃើញហេតុការណ៍ជួយទាញឡើងមកលើផ្លូវវិញ។

គ្រោះថ្នាក់នេះបានកើតឡើងកាលពី វេលាម៉ោង៣ទៀបភ្លឺ ចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១០៦ កែងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AB-9342 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ លុះមកដល់ចំណុចផ្លូវបំបែកជាបួនកែងផ្លូវ១០៦ ស្រាប់តែមានរថយន្តម៉ាក Vigo មួយគ្រឿងទៀត (មិនស្គាល់ស្លាកលេខ) បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀត រួមដំណើរជាមួយ បានបើកមកដល់ព្រមគ្នាដែរ ទើបបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង បុកគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យ  រថយន្ត Vigo បានរេចង្កូតហោះធ្លាក់ចូលក្នុងប្រឡាយលូទឹកស្អុយ។

ភ្លាមៗនោះ អ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្ត Vigo បានធាក់កញ្ចក់រថយន្ត ដើម្បីរំដោះខ្លួនចេញមកក្រៅ។ ចំណែកឯភាគីរថយន្ត Highlander វិញ គឺបានរងរបួសបាក់ដៃ ត្រូវបានមិត្តភ័ក្ដិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ចំណែករថយន្តទាំអពីត្រូវបានសមត្ថកិច្ច ស្ទូចយកទៅ ទុកនៅកន្លែង ដើម្បីមានវិធានការ ទៅតាមផ្លូវច្បាប់។