លទ្ធផល៣គូយប់មិញ: ជប៉ុន និងសេណេហ្គាល់ ស្មើគ្នា កូឡុំប៊ី ទាត់បញ្ចូលទី ប៉ូឡូញ ៣-០ និងអង់គ្លេស បំបាក់ ប៉ាណាម៉ា ៦-១

(ម៉ូស្គូ)៖ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ អង់គ្លេស បំបាក់ ប៉ាណាម៉ា យ៉ាងចាស់ដៃ ៦-១, ជប៉ុន និងសេណេហ្គាល់ ស្មើគ្នា (២-២) ខណៈ កូឡុំប៊ី ទាត់បញ្ចូលទី ប៉ូឡូញ ៣-០។

ទី១៖ អង់គ្លេស បំបាក់ ប៉ាណាម៉ា (៦-១)
ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានសាងភាពខ្លាំងជាថ្មីរបស់ខ្លួន ដោយបំបាក់ក្រុមឡើងមក World Cup លើកដំបូងពីតំបន់អាមេរិកខាងជើង ប៉ាណាម៉ា ៦-១ នៅ World Cup 2018 ស្របពេលកីឡាករខ្សែប្រយុទ្ធ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង។
៣ពិន្ទុបន្ថែមនេះ បានធ្វើអង់គ្លេសក្លាយជាក្រុមទី៧ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ World Cup 2018 ដោយឈរនៅលេខ២ ប្រចាំពូល G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។ ការធ្វើបានហែតទ្រីក នេះ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ នាំមុខ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក រកបាន៤គ្រាប់ដូចគ្នា។

ទី២៖ ជប៉ុន ប៉ះជាមួយ សេណេហ្គាល់ (២-២)
ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក សេណេហ្គាល់ និងក្រុមនៅអាស៊ី ជប៉ុន បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ១ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរបន្តឈរនៅកំពូលតារាងនៃពូល H ជាបណ្តោះអាសន្ន ដោយមាន៤ពិន្ទុស្មើគ្នា ។

ទី៣៖ កូឡុំប៊ី ឈ្នះ ប៉ូឡូញ (៣-០)
ក្រុមបាល់ទាត់ជម្រើសជាតិមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី រកបាន ៣ពិន្ទុនៅព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយបំបាក់ប៉ូឡូញ ៣-០ ក្រោយពីប្រកួតអស់រយៈពេល៩០ពេញ។ ៣ពិន្ទុដំបូង ក្នុងចំណោម ២ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល H បានធ្វើឲ្យកូឡុំប៊ី មានសង្ឃឹមឡើងវិញក្នុងការប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយជប៉ុន និងសេណេហ្គាល់។

៣គ្រាប់របស់កូឡុំប៊ី កើតឡើងនៅនាទីទី៤០ នាទីទី៧០ និងនាទីទី៧៥ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៤២៨៧៣ នាក់ ក្នុងកីឡដ្ឋាន Kazan Arena ស្ថិតក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៊ី។ ១ប្រកួតចុងក្រោយរបស់កូឡុំប៊ី បញ្ចប់វគ្គសន្សំពិន្ទុនៃពូល H ត្រូវប៉ះ សេណេហ្គាល់ ស្របពេលក្រុមហាលអាវ ប៉ូឡូញ ត្រូវជួបជប៉ុន៕