ព័ត៌មាន​លម្អិត​ ! ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ជិះ​ឡាន​ទំនើប​ Rolls Royce​ ប្លន់​ផ្អើល​ក្រុង​ព្រះសីហនុ

​ព្រះសីហនុ​៖​ នៅ​យប់​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ កម្លាំងនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនជនជាតិចិន ដែលរួមគ្នាធ្វើសកម្មភាពប្លន់អ្នករត់តាក់ស៊ី ដោយពួកគេមានអាវុធខ្លី និងបើកសុទ្ធតែរថយន្ត​ស៊េរី​ទំនើប Rolls Royce ទៀតផង។
ប្រតិបត្តិការនេះ កើត​ឡើង​ បន្ទាប់ពីនគរបាលបានទទួល​ពាក្យបណ្តឹងពីជនរងគ្រោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់​ដង្កោ រាជធានីភ្នំពេញ ដោយាសារតែរូបគាត់ ត្រូវជនជាតិ​ចិនប្លន់ ដោយប្រើអាវុធខ្លីម៉ាករ៉ូឡូ នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ ក្រុមចោរប្លន់មានគ្នា៤នាក់ ជាជនជាតិចិន បានប្រើវិធីវីឆាត (Wechat) ហៅជនរងគ្រោះ មកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាការ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និយាយ​ថា ជនរងគ្រោះ បានបាត់បង់​សម្ភារៈ​រួមមាន​ លុយចំនួន៥០០ដុល្លារ​ ប័ណ្ណ​បើកបរមួយសន្លឹក​ប័ណ្ណ​សម្គាល់​រថយន្តមួយសន្លឹក​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​មួយសន្លឹក។

លោកស្នងការ​ បញ្ជាក់​ថា​ រហូតដល់ម៉ោង២៣៖០០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការ​ស្រាវជ្រាវ កំណត់មុខសញ្ញាបានម្នាក់ ដែលកំពុងផឹកស៊ី នៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

កម្លាំងជំនាញ ក៏បានធ្វើការហ៊ុំព័ទ្ធចាប់ខ្លួន ជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

ជាមួយគ្នានោះ ដកហូតបានវត្ថុតាងរួមមាន៖ លុយដុល្លារ ៥០០ដុល្លារ (របស់ជនរងគ្រោះ) អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព), រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ ២BP-៦៦៦៦ (មធ្យោបាយធ្វើសកម្មភាព)។ ចំណែកជនសង្ស័យ ៣នាក់ទៀត ជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី៕