សម្ដេច​តេជោ ​ស្ដី​បន្ទោស​អភិបាលខេត្តតាកែវថា ​មិន​ចេះ​ធ្វើការ​ និង​មិន​ចេះ​ឆ្លើយ​ចំពោះ​មុខ​​នាយក​រដ្ឋមន្ត្រី ​ពី​តម្រូវ​ការ​ប្រជាពលរដ្ឋ

តាកែវ ៖​អភិបាលខេត្ត​តាកែវ លោក អ៊ូច ភា​ ត្រូវ​បាន​សម្ដេច​តេជោ ​នាយក​រដ្ឋមន្ដ្រី​ស្ដីបន្ទោស​ថា ​​មិន​ចេះ​ធ្វើការ​ និង​មិន​ចេះ​ឆ្លើយ​ចំពោះ​មុខ​​នាយករដ្ឋមន្ត្រី ​ពី​តម្រូវ​ការ​ប្រជាពលរដ្ឋ។ ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន បាន​បន្ទោស​ថា «ពួកនេះ ​ឆ្លើយ​របៀប​តែ ស៊ូ ​ភារិន្ទ ឬ ​ស្រី ​បេន ព្រោះ​ពួក​នេះ​មាន​គ្រូ​តែមួយ»….!!!។

សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បាន​ផ្ដាំ​ទៅ​លោក​អភិបាល​ខេត្តតាកែវថា​ កុំ​មើល​ហើយ​បាន​តែ​មើល​ មើល​ហើយ​​ត្រូវ​ពិនិត្យមើល​ ដោះ​ស្រាយ​របៀប​យ៉ាង​មិច..? គ្រាន់​តែ​ជញ្ជាំង​​សាលា​សោះ​ ទុក​ឲ្យ​នាយក​សាលា​ ខល​មិន​ ​សុំ​នាយក​រដ្ឋមន្ដ្រី​។

សម្ដេច​តេ​ជោហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​ ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ ចំនួន​ជាង​១​ម៉ឺន​៧​ពាន់​នាក់​មកពី​រោងចក្រ ​សហគ្រាស​ចំនួន​១៣ ​ក្នុង​ខេត្តតាកែវ ​ ​នៅ​ភូមិ​ត្រពាំង​អង្គ ​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ ​ខេត្តតាកែវ ​នៅព្រឹកថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​​២០១៨នេះ​។​

ជា​ថ្មីម្ដងទៀត​​ ​សម្តេចតេជោ ​ហ៊ុន សែន​ អំពាវនាវ​ឱ្យ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​តាមដាន​សំណូម​ពរ​រាល់កង្វល់​​ប្រជាពលរដ្ឋ​តាមរយៈ​ Comment ​Facebook ​នាយករដ្ឋមន្ត្រី​ និង​ត្រូវ​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាពបំផុត ​…កុំចាំ​តែ​នាយករដ្ឋមន្ត្រីពេក…..!!! ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើ​ឲ្យប្រ​ជា​ពលរដ្ឋកុំខឹង​គោ​វាយរទេះ​ ​កុំខឹង​មេភូមិស្អប់​​នាយក​រដ្ឋមន្ត្រី។ សម្តេច​តេជោ ​ហ៊ុន សែន ថា​ ត្រឹម​មួយ​គ្រួសារ​ពិបាកគ្រប់គ្រង់ណាស់​ទៅហើយ​ ចុះ​ទម្រាំ​សម្តេច​ដឹកនាំ​មនុស្ស​រាប់​លាន​ប្រកដជា​មាន​បញ្ហាចន្លោះ​ប្រហោងហើយ​ ។ ​តែត្រូវ​មាន​ការ​ថ្លឹងថ្លែង និង​ពិចារ​ណាថា ​តើ​ការ​ដឹក​នាំ​របស់​សម្តេច​ រវាង​គុណសម្បត្តិ ​និង​គុណ​វិបត្តិ​មួយ​ណាធំ​ជាង។
​សម្តេច​តេជោ ​ក៏​បាន​អំពាវនាវកុំឲ្យ​មាន​ការភ្នាល់បាល់ក្នុងរដូវប្រកួតបាល់ទាត់ពិភពលោក ៕​​