សហព័ន្ធ កីឡាអុកចត្រង្គ កម្ពុជា រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២

ភ្នំពេញ៖ ក្រោយពីប្រកួតលើកទី ១ប្រកបដោយភាពចជោគជ័យ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកការប្រកួតជ្រើសរើសកីឡាករ ជម្រើសជាតិ លើកទី២ ដើម្បី បញ្ជូនទៅក្រសួង អប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលជាកីឡាករ ជម្រើសជាតិ ២០១៩។

លោក ឃាង ពីវ អនុប្រធានសហព័ន្ធ កីឡាអុកចត្រង្គ កម្ពុជា តំណាងឲ្យ លោក គុជ គឹមឡុង ជាប្រធានសហព័ន្ធ បានមានប្រសាសន៍ថា សហព័ន្ធនេះបានបង្កើត អស់រយៈពេល ២ឆ្នាំ មកហើយ ដោយមានកិច្ចសហការ និងការគាំទ្រ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ឃាង ពីវ បានបន្តថា នេះជាលើកទី២ ហើយ ដែល សហព័ន្ធ កីឡាអុកចត្រង្គ កម្ពុជា រៀបចំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងគោលបំណងចំរាញ់យក កីឡាករល្អៗ ត្រៀមខ្លួន ទៅប្រកួតក្នុងព្រឹត្តការ អាស៊ានហ្គែម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងកោតសរសើរ ដល់សហព័ន្ធ ដែលបានខិតខំ រហូតមានភាពរីកចម្រើន និងទទួលបានការគាំទ្រ ទាំងថ្នាក់ជាតិ និងអន្តរជាតិបែបនេះ។

ឯកឧត្តម បានអំពាវនាវឲ្យកីឡាករ ទាំងអស់បន្តខិតខំបង្កើនសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំង ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ផ្សេងៗ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ សំដៅលើកដំកើងកេរ្តិ៍ឈ្មោះ កីឡាអុកចត្រង្គ របស់កម្ពុជា។

សូមជម្រាបជូនថា ក្នុងរយៈពេល ២ឆ្នាំនេះ សហព័ន្ធ កីឡាអុកចត្រង្គ កម្ពុជា បានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ បាន ២លើករួចមកហើយ ដោយកាលពីលកទី១ មានកីឡាករ ចំនួន ០៦ ត្រូវបានក្រសួង អប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូល ជាកីឡារជម្រើសជាតិ។

នៅក្នុងការប្រកួតលើកទី២ នេះមានកីឡាករ ចូលរួម សរុបចំនួន ៤៨នាក់ មកពី ១២ក្លឹប ដែលការប្រកួត ត្រូវចែកចេញជា ៦ ពូល ដើម្បីជ្រើសរើសយក កីឡាករ ជើងឯក ចំនួន ១៦ នាក់ បញ្ជូនទៅក្រសួង អប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលជាកីឡាករជម្រើសជាតិ៕