កូន​ប្រុស​ត្រូវ​គេ​កាប់​ឲ្យស្លាប់​ ជនល្មើស​៥នាក់​រស់នៅ​​មានសេរីភាព ​ក្រៅ​សំណាញ់​ច្បាប់

ខេត្ដកណ្ដាល​៖ ​ឪពុកម្ដាយ​ រៀបរាប់​ទាំង​ទឹក​ភ្នែក​ប្រាប់​ភ្នាក់ងារកាសែតនគរវត្តប្រចាំតុលាការ ថា​ កូន​ប្រុស​ត្រូវ​គេ​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​តែ​ទីបំផុត​ជនល្មើស​៥នាក់​ដែល​ពាក់ព័ន្ធ​ កំពុង​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព​ ។ ពួកគេ​ទាំង​ពីរ​នាក់​ក្នុង​នាម​ដើម​បណ្ដឹង​ ស្នើ​ដល់​សម្តេច​តេជោ​ ជួយ​រក​យុត្តិធម៌​ និង​ សូម​ឱ្យ​តុលា​ការ​ខេត្ត​កណ្ដាល​ ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់​រហ័ស​ ។

សាលា​ដំបូង​ខេត្ត​កណ្ដាល​នៅ​ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​លើក​ពេល​សវនាការ​ជា​លើក​ទី​៣​ ដែល​ធ្វើ​ឱ្យ​ប្តីប្រពន្ធ​ ជា​ដើម​បណ្តឹង​ សម្តែង​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង​ ។ ឯកសារ​ទទួល​បាន​បង្ហាញ​ថា​ សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​១២០៥​ អ.ក​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ មាន​ជនជាប់ចោទ​៥នាក់​ ៖

ទី១៖ឈ្មោះ​ផេង​ ណារ័ត្ន​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ (ក្រៅឃុំ)
ទី២៖ឈ្មោះ​យ៊ិន​ វាសនា​ ហៅ​ កែម​ វាសនា​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ (គេច​ខ្លួន​)
ទី​៣៖ឈ្មោះ​ថាំង​ ម៉េងហួយ​ ហៅ​ម៉ៅ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ (ក្រៅឃុំ)
ទី៤៖ឈ្មោះ​ឈុន​ រតនៈ​ ហៅ​ មឿន​ ណាក់​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ (ក្រៅឃុំ)
ទី​៥៖ឈ្មោះ​ចន​ ភស្ត្រា​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ (គេចខ្លួន​)

ជនជាប់ចោទ​ទាំង៥នាក់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​”ប្រព្រឹត្ត​នៅ​ភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ តាម​មាត្រា​២២៤នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ ជនរងគ្រោះ​ក្នុង​សំណុំ​រឿង​នេះ​ឈ្មោះ​ មឿន​ រ៉ូហ្សា​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ ។

លោក​សុខ​ វណ្ណនី​ និង​ ប្រពន្ធ​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ថា​ កូន​ប្រុស​ត្រូវ​បាន​ក្រុម​ជនល្មើស​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ តែ​រហូត​មក​ទល់​ពេលនេះ​ គ្មាន​ជនល្មើស​ណាមួយ​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ទេ​ ។

ក្នុង​នាម​ដើម​បណ្ដឹង​ ពួកគេ​ចង់​បាន​តែ​យុត្តិធម៌​ប៉ុណ្ណោះ​ ។ ប៉ុន្ដែ​នីតិវិធី​របស់​សាលាដំបូង​ខេត្ត​កណ្ដាល​ ហាក់​យឺតយ៉ាវ​ជា​ទីបំផុត​ ដែល​សវនាការ​បាន​លើក​ពេល​៣ដង​មក​ហើយ​ ។ ពួកគេ​សង្ឃឹម​ថា​ សម្តេច​តេជោ​ នឹង​ជួយ​រក​យុត្តិធម៌​ផង​ ។ ពួកគេ​ពិត​ជា​ឈឺចាប់​ណាស់​ ដែល​កូន​ប្រុស​ត្រូវ​គេ​កាប់​សម្លាប់​ហើយ​ តែ​ក្រុម​ជនល្មើស​បែរ​ជា​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព​បែបនេះ​ ៕