លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា រងបណ្តឹងថា បានវាយ អតីតចៅសង្កាត់ពន្សាំង និងប្តី ដល់ក្នុងសាលាសង្កាត់

ភ្នំពេញ៖ លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ទទួលបន្ទុកអន្ដោប្រវេសន៍ខណ្ឌ៧មករា រហ័សនាម ០៦ បានរងបណ្តឹងថា បាននាំបក្ខពួក ទៅវាយ អតីតចៅសង្កាត់ពន្សាំង គឺលោកស្រី ឌី សារៀម និងប្តីលោកស្រី ដល់ក្នុងសាលាសង្កាត់ បណ្តាលឲ្យរងរបួស ព្រោះរឿង លុយកម្រៃជើងសារ ទិញលក់ដីធ្លី ។

យោងតាមពាក្យរបស់លោក សេត សឹម ជាប្តី និងលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ជាប្រពន្ធ បានប្តឹង ឈ្មោះ លោក អ៊ូ ពៅ ភេទប្រុស អាយុប្រហែល ៤១ឆ្នាំ មុខរបរ ជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ដោយចោទប្រកាន់ឈ្មោះ អ៊ូ ពៅ ថាបាន វាយពួកខ្លួនបណ្តាលឲ្យត្រូវក្បាល និងដងខ្លួន រងរបួសហើម។

ពាក្យបណ្តឹងបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណជាជាង ១០ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជនរងគ្រោះ ឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម បានទៅសាលាសង្កាត់ពន្សាំង ដោះស្រាយរឿង ឈ្មោះ យី សុខជា ពាក់ព័ន្ធ រឿង លុយកម្រៃជើងសារ ទិញលក់ដីធ្លី របស់ជនរងគ្រោះ។

ខណៈដែលជនរងគ្រោះ និងឈ្មោះ យី សុខជា កំពុងតែដោះស្រាយគ្នា ស្រាប់តែឈ្មោះ អ៊ូ ពៅ ជាអ្នកស្គាល់គ្នាជាមួយឈ្មោះ យី សុខជា ដែលមិនមានជាប់ពាក់ព័ន្ធក្នុងរឿងនោះសោះ បានដើរចូលទៅក្នុងបន្ទប់ ហើយគំរាមកំហែង ជនរងគ្រោះ ទើបជនរងគ្រោះ បានយកទូរស័ព្ទថត រូបឈ្មោះ អ៊ូ ពៅ ក៏ត្រូវឈ្មោះ អ៊ូ ពៅ វាយតែម្តងទៅ។

ពាក់ព័ន្ធ រឿង លុយកម្រៃជើងសារ ដែលជនរងគ្រោះឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម អះអាងថា ពួកគាត់បានលក់ដីមួយកន្លែង ដោយមិនមានឈ្មោះ យី សុខជា ជាអ្នកគក់ជេ នោះទេ ហើយក្រុមជនរងគ្រោះ ក៏បាន កាត់ ៣ភាគរយនៃថ្លៃដីឲ្យ ទៅក្រុមនាំ ម៉ូយមកទិញដីពួកគាត់រួចហើយ ស្រាប់តែលេចមុខ ឈ្មោះ យី សុខជា និងបក្ខពួកឈ្មោះ អ៊ូ ពៅ ទៅទាមទារលុយ ៣ភាគរយទៀត និងបានគំរាមកំហែងពួកគាត់ដល់ផ្ទះ និងរហូតតាមវាយធ្វើបាប ពួកគាត់នៅមុខអាជ្ញធរមានសមត្ថកិច្ចតែម្តង។

ពាក់ព័ន្ធករណីលោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ទៅវាយ និងគំរាមកំហែង លោកស្រីឌី សារៀម និងប្តី ដល់ក្នុងសង្កាត់ពន្សាំង លោក ឌិន សារ៉ាតុប អធិការរងខណ្ឌព្រែកព្នៅ ទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់អ្នកសារព័ត៌មានថា លោកអត់ទាន់ដឹងផង។

ចំណែកលោក ណេត ស៊ីថុន អធិការខណ្ឌ៧មករា ក៏អ្នកសារ ព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ ពាក់ព័ន្ធលោក អ៊ូ ពៅ ជាកូនចៅរបស់លោក យកអំណាចជាអធិការរង ដើរគំរាមកំហែកពលរដ្ឋ និងវាយដំ ពលរដ្ឋមិនញញើតច្បាប់ បែបនេះបាននៅឡើយទេ៕