បុរសវាយធ្វើបាបក្មេងយ៉ាងព្រៃផ្សៃ ដែលត្រូវគេថតវីដេអូបង្ហោះ Facebook ឃាត់ខ្លួនហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨នេះ បុរសម្នាក់ដែលវាយធ្វើបាបក្មេង ហើយត្រូវបានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook ទទួលរងការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួនបានហើយ។

ជនសង្ស័យឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័ យ ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឡិថុន ភេទ ប្រុស អាយុ៥ឆ្នាំ ពេលនេះជនសង្ស័យកំពុងសួរនាំ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ហើយក្មេងដែលត្រូវបុរសនោះវាយធ្វើបាប គឺជាកូនបង្កើតរបស់បុរសនោះតែម្តង។

គួរំលឹកថា នៅប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលបង្ហាញពីសកម្មកភាពបុរសម្នាក់ បានវាយធ្វើបាបកូនក្មេងម្នាក់យ៉ាងព្រៃផ្សៃ ហើយទទួលបានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីមហាជននូវទង្វើដ៏ឃោរឃៅនេះ។ ទើបនៅថ្ងៃទី១៥ ខែមិថុនានេះ កម្លាំងនគរបាលឈានដល់កំណត់អត្តសញ្ញាណ ឃាត់ខ្លួនជនសង្ស័យ បុរសជាឪពុកបានតែម្តង៕