ជក់គ្រឿងញៀនអស់លុយ បែកគំនិតលួចកាច់កម៉ូតូបានសម្រេច តែត្រូវជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចេញពីជក់ថ្នាំញៀន បែកគំនិតទៅលួចកាច់កម៉ូតូបានសម្រេច ប៉ុន្ដែរត់អត់រួចត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យធ្វើការដេញចាប់បាន ហើយប្រគល់ឲ្យសមត្ថកិច្ចអាវុធហត្ថខណ្ឌដង្កោ កាលពីវេលាម៉ោង១និង៣០នាទី នៅចំណុចផ្លូវលេខ៣៧១ ផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចវធុហត្ថបានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ សូរ ពៅ ភេទប្រុស អាយុ៣២ ឆ្នាំមុរខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលម្ដុំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះមួន កប អាុយ២៤ ឆ្នាំមុខរបរនិស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌចំការមន មានស្រុកកំណើតនៅខេត្ដប៉ៃលិន ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ1GV- 3752 មកពីរៀនរួចបានទុកម៉ូតូនៅមុខហើយបានដើរចូលក្នុងផ្ទះហូបបាយមួយភ្លែត ស្រាប់តែដល់វេលាកើតហេតុជនរងគ្រោះបានចេញមកពីក្នុងផ្ទះវិញបាត់ម៉ូតូ ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ភ្លាមៗនោះសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យបានកំណត់មុខសញ្ញាក៏ធ្វើការដេញតាម រហូតធ្វើការឃាត់ខ្លួនបាននៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយក៏បានធ្វើការសួរនាំទើបដឹងថា ករណីនេះកើតឡើងនៅទឹកដីខណ្ឌដង្កោក៏ទាក់ទងទៅសមត្ថកិច្ចអាវុធហត្ថខណ្ឌដង្កោនាំខ្លួន ជនសង្ស័យមកមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរតែម្ដង ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនេះពិតប្រាកដមែន ដោយសារខ្លួនគ្មានលុយជក់ថ្នាំញៀន ។

បច្ចប្បន្នជនសង្ស័យខាងលើកំពុងធ្វើការសាកសួរនៅមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី ៕