រឿង មេធាវី ទិត សុខវណ្ណា រំលោភយកដីផ្លូវសាធារណៈ អាជ្ញាធរខណ្ឌសែនសុខ បានត្រឹម បិទសេចក្តីជូនដំណឹងឲ្យគេបកបោះចោល

ភ្នំពេញ៖ ទីបំផុតទៅ ម្ចាស់សំណង់រោងដែក ដែលអាជ្ញាធរខណ្ឌសែនសុខ ចាត់ទុកថា ជាសំណង់ខុសច្បាប់ និងបានដាក់ពេលកំណត់ឲ្យរុះរើចេញ ជាច្រើនលើក ដោយមានលិខិតជូនដំណឹងផងនោះ មកដល់ពេលនេះ ម្ចាស់សំណង់ខុសច្បាប់ ដែលគេដឹងថា មានតួនាទីជាមេធាវី ឈ្មោះ ទិត សុខវណ្ណា មិនគោរពតាមឡើយ ថែមទាំងបកលិខិតរបស់អាជ្ញាធរបោះចោល យ៉ាងរំភើយ និងដាក់ពាក្យស្នើសុំពន្យាពេល ម្តងហើយម្តងទៀត អត់ខ្វល់អំពី ការរិះគន់របស់ប្រជាពលរដ្ឋ ឬចំណាត់ការរបស់អាជ្ញាធរឡើយ។

ចំណែកអាជ្ញាធរក៏មិនហ៊ានចុះទៅរុះរើសំណង់ដែលខ្លួនដឹងថា រំលោភច្បាប់ទៅហើយនោះដែរ ដោយបណ្តែតបណ្តោយឲ្យ មេធាវី ដែលចេះច្បាប់ ហើយបំពានច្បាប់ ធ្វើអ្វីស្រេចតែអំពើចិត្ត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានឲ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះថា ប្រពន្ធរបស់លោក មេធាវី ទិត សុខវណ្ណា បានដាក់លិខិតស្នើសុំ ទៅសាលាខណ្ឌសែនសុខ និងសាលាសង្កាត់របស់លោក ដោយសុំពន្យាពេលរយៈពេល ១០ថ្ងៃទៀត ដើម្បីរុះរើរោងដែកដែលរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ ដោយខ្លួនឯង។

លោកចៅសង្កាត់បន្តថា លិខិតសុំពន្យាពេលនោះ បានប្រើមូលហេតុថា ជាប់រវល់បុណ្យសាច់ញាតិនៅស្រុក។

ទោះជាយ៉ាងណា ចៅសង្កាត់គោកឃ្លាង រូបនេះ បានបញ្ជាក់ថា សំណង់រោងដែកដែលរំលោភយួកដីផ្លូវសាធារណៈរបស់រដ្ឋ ពីសំណាក់លោកមេធាវី ទិត សុខវណ្ណា ត្រូវតែរុះចេញជាដាច់ខាត មិនអាចទុកបានទេ។

សូមជម្រាបជូនថា អាជ្ញាធរសង្កាត់គោកឃ្លាង ធ្លាប់ បានយកលិខិតជូនដំណឹង ឲ្យរុះរើ ដែលមានហត្ថលេខាលោក ញ៉ាត សាម៉េត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ទៅបិតលើរោងដែកដែលសង់រំលោភយកដីផ្លូវរដ្ឋ ដោយបានកំណត់ពេលឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើសំណង់រោងដែកដែលសង់លើដីគម្រោងផ្លូវសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែផ្ទុយពីការកំណត់របស់អាជ្ញាធរ លោកមេធាវីបំពានច្បាប់រូបនេះ បានសុំពន្យាពេលរុះរើត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ទីបំផុត មេធាវីរូបនេះនៅតែមិនគោរពតាមការសន្យា ខណៈដែលលិខិត ជូនដំណឹងក៏ត្រូវគេបកចោលពៅលើរោងដែករំលោភផ្លូវរដ្ឋនោះផងដែរ។

សូមជម្រាបជូនថា លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋ ដែលមានប្លង់ LMAP នៅចំណុច ក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើ រួមទាំងអ្នកមានដីឡូតិ៍ក្បែរនោះផង បានថ្លែងចំអកដល់អាជ្ញាធរខណ្ឌសែនសុខ ថា អាជ្ញាធរខណ្ឌនេះខ្លាំងបានតែជាមួយអ្នកក្រ អ្នកគ្មានលុយគ្មានអំណាច តូចតាច ប៉ុន្តែដល់ពេលប៉ះគេមានលុយ មានអំណាច មិនខ្លាចច្បាប់បែបនេះ អាជ្ញធរ ខ្លាចគេរួញកដូចអណ្តើក។

ពលរដ្ឋបាន ថ្លែងថា បើអាជ្ញាធរ អនុវត្តច្បាប់ បែងចែកអ្នកមាន អ្នកក្រ អ្នកធំ អ្នកតូចបែបនេះ តើឲ្យពួកគាត់ទុកចិត្តរបៀបណា?