គ្រូ​និង​សិស្ស​សាលាបឋមសិក្សា​បាន​កាម ​ត្រូវបាន​ឪពុកម្ដាយ​សិស្ស​បង្ខំ​ឲ្យ​សំពះ​បាតជើង​កូនសិស្ស​រឿង​ទាស់​គ្នា​តិចតួច​

​ខេត្តតាកែវ​៖ ​សិស្សសាលា​បឋមសិក្សា​បាន​កាម នៃ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ មាន​សិស្សសាលា​ដែលជា​កូនអ្នកមាន​អំណាច​ម្នាក់​ក្នុង​ឃុំ​បាន​កាម រៀន​ថ្នាក់​ទី​៥ បាន​មានទំនាស់​តិចតួច​ដែលជា​សិស្ស​រួម​ថ្នាក់ បែរជា​អាណាព្យាបាល​មក​បង្ខំ​ឲ្យ​លោកគ្រូ​នាយក​សាលា និង​គ្រូ​បន្ទុក​ថ្នាក់​ថែមទាំង​សិស្ស​មានទំនាស់​សំពះ​បាត​ជើង​កូន​របស់ខ្លួន​ដើម្បី​បញ្ចប់រឿង​។​

​ប្រភពផ្លូវការមួយបាន​ឲ្យដឹងថាថា សិស្សសាលា​ដែលជា​កូនអ្នកមាន​អំណាច​ម្នាក់​នេះ ជា​ក្មេង​ទំនើង​រករឿង​វាយ​គេ​វាយ​ឯង​តាម​អំពើ​ចិត្ត ហើយ​ក្រោយ​មានរឿង បែរជា​ក្រុមគ្រួសារ​របស់​ក្មេង​ម្នាក់នេះ​បានមក​គម្រាម​និង​បង្ខំ​អោយ​គ្រូ​សិស្ស​ធ្វើតាម​សំណូមពរ​ពួកគេ​ទើបបាន​ចប់​រឿង ហើយ​ក្មេង​ម្នាក់នេះ​និង​អាណាព្យាបាល​មានរឿង​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។​

​ជុំវិញ​ករណី​ខាងលើ លោក ជុំ ឈឿន អធិការនគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹងថា ទង្វើ​របស់​អាណាព្យាបាល​សិស្ស​ដែល​បង្ខំ​អោយ​គ្រូៗ និង​សិស្ស​ធ្វើតាម​អ្វីដែល​ខ្លួន​សំណូ​ម​ពរ​គឺ​ពិតជា​ខុសឆ្គង​ធ្ងន់ធ្ងរ​ណាស់ រឿង​សិស្ស​និង​សិស្ស​ទំនាស់​គ្នា​តិចតួច​ទុក​ឲ្យ​គ្រូ​គេ​ដោះស្រាយ​ទៅ​, លោក​បន្ដថា រឿងនេះ​ដូចជា​ច្រើ​សារ​ហើយ​ដែល​លោក​ទទួលបាន​ព័​ត៍​មាន​ពីសា​លា​ខាងលើ តែដោយសារ​មិនទាន់មាន​បទល្មើស ជំនាញ​លោក​ក៏​នៅ​ស្ងៀម​ទៅ​។​

​លោក សាន ឈៀង នាយក​សាលាបឋមសិក្សា​បាន​កាម បាន​ឲ្យ​ដឹងថា លោក​អត់​បានដឹង​រឿង​នឹង​ទេ តែ​លោក​ទទួលស្គាល់ថា សិស្ស​ទំនើង​ម្នាក់​ហ្នឹង​បង្ករឿង​ជា​រៀងរហូត ហើយ​ឪពុកម្ដាយ​របស់​ក្មេង​ហ្នឹង​ចាំតែ​មួល​ករ​គ្រូៗ​នោះទេ គាត់​មានការ​លំបាក​ណាស់​នៅពេល​អាណាព្យាបាល​សិស្ស​ចាំតែ​កាន់ជើង​កូន​ខ្លួនឯង​ទាំង​ខុសឆ្គង​។ លោក​បន្ដទៀតថា ពីមុនមក​កូនសិស្ស​ម្នាក់​ហ្នឹង​មានទំនាស់ ហើយ​ត្រូវ​អាណាព្យាបាល​មក​បង្ខំ​អោយ​សិស្ស​ផង គ្រូ​ផង​សំពះសុំទោស​ទើប​បញ្ចប់រឿង ហើ​យលោក​មិនដឹងថា ថ្ងៃក្រោយៗ​ទៀត​មិនដឹងថា​កើតរឿង​អ្វី​បន្ដទៀត​ទេ បើ​ឪពុកម្ដាយ​មិន​យល់​ការខិតខំ​របស់​គ្រូ​។​

​លោក ញ៉ែម ស្រស់ អភិបាលស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹងថា លោក​នឹង​បាន​ឲ្យ​ខាង​ការិយាល័យ​អប់រំ​ស្រុក​ចុះទៅ​បើក​ការស៊ើប អង្កេត​ហើយ បើសិនជា​បែបនេះ​មែន និង​អនុវត្តតាម​ផ្លូវច្បាប់​ ៕