ជនជាតិចិនបើករថយន្ដលឿនពេក ដល់ផ្លូវបំបែក៣យុវជន២នាក់ជិះម៉ូតូបុកបណ្ដាលឲ្យរបួស២នាក់

ភ្នំពេញ៖ រថយន្ដឡិចស៊ីសRX300 បើកបរដោយជនជាតិចិនក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ផ្លូវបំបែកជា៣ ធ្វើឲ្យយុវជន២នាក់ជិះម៉ូតូបុកចំពីហៀងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបុរីពិភពថ្មី២ ផ្លូវ៦ ភូមិដីថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះ ពុំ សុណាង អាយុ១៩ ឆ្នាំមុខរបរ សិស្សនិងទី២ឈ្មោះ ហៀង នុន អាយុ២១ឆ្នាំទាំង២នាក់ត្រូវជាបងប្អូនគ្នាស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក ឡិចស៊ីសRx300ពណ៌ស្ករ ដែលពាក់ស្លាកលេខភ្នំពេញ2AP-1165 ដែលបើកបរដោយជនជាតិចិនក្នុងល្បឿនលឿនទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៣ក៏មានម៉ូតូមួយគ្រឿងម៉ាក Zoomer x ពណ៌ស លាយលឿង ដែលពាក់ស្លាកលេខភ្នំពេញ1DQ-3497 ជិះដោយយុវជន២នាក់ក្នុងទិសដៅពីត្បូងមកជើងក៏ជ្រុលចង្កូតទៅបុករថយន្ដជនជាតិចិនដែលកំពុងបើកលឿនពេញទំហឹងបណ្ដាលអោយដួលរងរបួសធ្ងន់ ស្រាលទាំង២នាក់តែម្ដង ។ភ្លាមៗនោះជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់សួគ៌ាដឹកមកជួយសង្គ្រោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នាពេលក្រោយតាមនីតិវិធី ៕