មន្ត្រីនគរបាលម្នាក់ស្លាប់និងប្រពន្ធរបួសធ្ងន់

រតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូពេលកំពុងភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្ដាលអោយបុរសជាមន្ដ្រីនគរបាលម្នាក់ស្លាប់ និងប្រពន្ធរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវក្រាលកៅស៊ូ វាលរំប្លង់ ស្ថិតនៅភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជំ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាង ធន់ ជានគរបាលមានឋាន:នាយរងការិយាល័យ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង ជិះម៉ូតូម៉ាក ស៊ីរ៉ូស ពណ៌ខ្មៅ ដែលកំពុងឌុបឈ្មោះ ឡញ រេល ត្រូវជាប្រពន្ធ អាយុ៤០ឆ្នាំ ជនជាតិទំពួន ។ ចំណែកជនបង្កឈ្មោះ ស្មៀន ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិគ្រឹង ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើត ហេតុមេឃកំពុងភ្លៀងធ្លាក់យ៉ាងខ្លាំងក៏មានរថយន្តម៉ាក កាមរីហើម ស៊េរី៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2B-0362 បានបុកម៉ូតូម៉ាក ស៊ីរ៉ូស ពណ៌ខ្មៅ ដែលកំពុងឌុបប្រពន្ធ ពេញទំហឹងបណ្តាលឲ្យបុរសជាប្តីស្លាប់ ចំណែកប្រពន្ធរបួសធ្ងន់ ត្រូវបានទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែក ខេត្តរតនគីរី ភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញដើម្បីចុះមកធ្វើការវាស់វែង ម៉ូតូនិង រថយន្ដយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកជនបង្កត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្ន នៅជំនាញអធិការដ្ឋានស្រុកអូរជុំ ៕