តើលោក ឃួង ស្រេង ឬលោក កែវ រតនៈ ជាអ្នកទទួលខុសត្រូវរឿងបង្គោលភ្លើងបាក់គ្មានសសៃដែក?

ភ្នំពេញ៖ បង្គោលភ្លើងដែលបានបាក់មួយដើម នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នេះបានបង្ហាញឲ្យឃើញថា អ្នកដែលផលិតបង្គោលភ្លើងឲ្យក្រុមហ៊ុនអគ្គីសនីនោះបាន «លួច» សសៃដែកស្ទើរតែទាំងស្រុង… សំណាងហើយដែលមិនបង្កគ្រោះដល់ពលរដ្ឋនោះ ។ ករណីបង្គោលភ្លើងបាក់ស្ទើតែគ្មានសសៃដែកនោះ មិនដឹងថា ក្រុមហ៊ុនអគ្គីសនីកម្ពុជាបានដឹងដែរឬទេថា សឹងតែអ្នកផលិតមិនបានដាក់នោះ បើដឹងមាន តើជាការឃុបឃិតគ្មានបង្កើតអំពើពុករលួយដែរឬទេ? តែបើមិនដឹងមាន គឺក្រុមហ៊ុនអគ្គីសនីនេះបណ្តែតបណ្តោយឲ្យអ្នកផលិតបង្គោលភ្លើងធ្វើតាមចិត្ត និងគ្មានការត្រួតពិនិត្យពីគុណភាព ដោយគ្មានអ្នកចុះអធិការកិច្ច។

ករណីបាក់បង្គោលភ្លើងនេះ ត្រូវបានសាធារណៈជនលើកឡើងថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើបញ្ហាបង្គោលភ្លើងបាក់នេះ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនអគ្គីសនីកម្ពុជា?។ ហើយបើបង្គោលភកលើងនេះ បានបាក់សង្កត់ទ្រព្យសម្បត្តិ ឬផ្ទះប្រជាពលរដ្ឋ ដែលនាំឲ្យមានការខូចខាតធ្ងន់ធ្ងរតើអ្នកអ្នកជាអ្នកចេញសំណងដល់ពលរដ្ឋ?។

តាមបង្គោលភ្លើងដែលបានបាក់កាលពីព្រឹកនេះ គេសឹងសង្កេតឃើញមានតែសសៃដែកតែ២ដ៏តូចប៉ុណ្ណោះ ដែលមើលទៅគ្មានលក្ខណៈរឹងមាំ នឹងងាយប្រឈមការបាក់រលំ ដែលខាងក្រុមហ៊ុនអគ្គីសនីយកបំពាក់ និងទ្រខ្សែភ្លើង ខ្សែកាប យ៉ាងច្រើនដូចសំបុកពីងពាងយក្សដែរនោះ។

ជាក់ស្តែងបង្គោលភ្លើងមួយដើមក្រោយបានបាក់រលំតាមបណ្តោយផ្លូវ២៥៧ ​សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្កើតការហួសចិត្តដល់ពលរដ្ឋដោយឃើញមានតែសរសៃដែកមួយយ៉ាងតូច បើធៀបទៅនឹងទំហំនៃបង្គោលភ្លើង។

ប្រជាពលរដ្ឋក្រោយពីហួសចិត្ត នឹងបង្គោលភ្លើងស្ទើតែគ្មានសសៃដែកនោះ ក៏បានកោតសសើរដល់មន្រ្តីជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធដែលគ្រប់គ្រងលើផ្នែកនេះ ដែលហ៊ានសម្រេចចិត្តទាំងប្រថុយ ដោយយកអាយុជីវិត ឬទ្រព្យសម្បត្តិសាធារណៈជនមកលេងសើចជាមួយនឹងបង្គោលដែលសឹងតែគ្មានសសៃដែកនោះ។

យ៉ាងណាដោយឃើញបង្គោលភ្លើងថ្មី តែគ្មានគុណភាព បែរជា «ពុក» ហើយ «រលួយ» នេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រួយបារម្មណ៍ មិនដឹងថា តើនៅមានបង្គោលភ្លើងប៉ុន្មានដើមទៀត ដែលបានផលិតឡើងដូចគ្នានឹងបង្គោលភ្លើងមួយនេះ!?។

បង្គោលភ្លើងដែលគ្មានថ្មី ស្ទើគ្មាន «ឆ្អឹង» គ្មាន គុណភាព មានសភាព «ពុក» ហើយ «រលួយ» ដែលនៅសេសសល់ទាំងអស់ក្នុងរាជធានីភ្នំពេញ នៃទីក្រុងគុជនោះ អាចនឹងបន្តបាក់សង្កត់លើអ្វីខ្លះទេនាពេលខាងមុខជាបន្តបន្ទាប់នោះ ព្រោះថាកន្លងមកពេលដែល «ទ្រព្យសម្បត្តិរបស់រដ្ឋ» បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ឬទ្រព្យសម្បត្តិពលរដ្ឋ មិនដែលឃើញរដ្ឋមន្រ្តី ឬមន្រ្តីនៃ ស្ថាប័ន ក្រសួងពាក់ព័ន្ធណាមួយចេញមុខមកទទួល«ខុស» និង«ត្រូវ»ឡើយ ។ ផ្ទុយមកវិញ បើពលរដ្ឋបង្កគ្រោះ ធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋដូចជា រលំបង្គោលភ្លើង, បាក់ រហែក ឬរលំដើមឈើ បុកថ្មពុះចែកទ្រូងផ្លូវ ជាដើមច្បាស់ជាមានមន្រ្តីជាច្រើនចេញមុខមកទារលុយសំណង ហើយអ្នកបង្កគ្រោះមិនអាចរត់ ឬគេចវេសពីការទទួលខុសត្រូវបានឡើយ។ « ជាឧទាហរណ៍៖ បើអ្នកបើកបរជាន់គម្របលូបែក ត្រូវចេញថ្លៃគម្របលូ។ តែបើលូគ្មានគម្រប ទឹកលិចមើលមិនឃើញ ពលរដ្ឋជិះម៉ូតូធ្លាក់ គ្មានមន្រ្តីណាចេញមុខសងលុយ ដូចពេលមកទាលុយនោះទេ ៕