រថយន្ដ​ដឹក​ត្រីបុក​ជាមួយ​រថយន្ដ​សាំ​យ៉ុង រងរបួស​៦​នាក់ នៅ​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ មនុស្សយ៉ាងហោចណាស់​មាន​ចំនួន ៦​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ដ​ដឹក​ត្រី បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង នៅវេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​៦ មិថុនា នេះ ត្រង់ចំណុច​ផ្លូវ​ចូល​មណ្ឌលកុមារ​អរុណរះ ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្ក​ឲ្យ​ដោយ​រថយន្ត​ទាំង​២​គ្រឿង បើក​ច្រាស់ទិស​គ្នា បណ្ដាលអោយមាន​មនុស្ស​ចំនួន ៦​នាក់ របួសធ្ងន់​ស្រាល ក្នុងនោះ​មាន​ទារក​ម្នាក់​ផងដែរ​។​

​ជនរងគ្រោះ ឈ្មោះ សួន សី​ណេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ឈ្មោះ ដែង ធា​រៈ ភេទ​ស្រី អាយុ​២២​ឆ្នាំ​, ឈ្មោះ កង វីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ឈ្មោះ សឿន យ៉ុ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទាំង​៤​នាក់​នេះ រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះ​។ ចំណែក​រថយន្ដ​ទាំង​២​គ្រឿង បាន​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ស្រុក​ព្រៃនប់ រងចាំ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ ៕