សមត្ថកិច្ចខណ្ឌច្បារអំពៅបញ្ជូនខ្លួន ក្រុមចោរចូលលួចមាន់ កាប់សម្លាប់ម្ចាស់មាន់ ទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានបញ្ជូនខ្លួនក្រុមចោរដែលចូលលួចមាន់ហើយម្ចាស់តាមទាន់ការសម្លាប់ម្ចាស់មាន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាបថា ជនសង្ស័យទាំង៣ នាក់៖
-ទី១ឈ្មោះ ជា ហៃ ភេទប្រុស​ អាយុ១៦ឆ្នាំ និងម្នាក់ទៀតត្រូវបាន ឃាត់ខ្លួននៅព្រឹកថ្ងៃទី១ ខែមិថុនានេះតែម្តង ។
-ទី២ឈ្មោះ តួ ភេទប្រុស អាយុជាង២០ឆ្នាំ ( ជនដៃដល់ ) ដោយឡែកម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ បច្ចុប្បន្នកំពុងរត់គេចខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចាំចំការឲ្យគេ ស្នាក់នៅ ចំណុចដីឡូត៍ចំការស្វាយ ក្នុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

គួររំលឹកថា ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនក្រោយបានធ្វើសកម្មភាពប្រើកាំបិតផ្គាក់កាប់សម្លាប់ លើបុរសម្ចាស់ដីឡូតិ៍ចំការស្វាយដ៏ធំមួយកន្លែង បណ្តាលអោយស្លាប់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ២០ និង៤០នាទីយប់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា លោកម៉ៅ សឿត បញ្ជាក់ពីដំណើររឿងអោយដឹងថា ដំបូងឡើយ ជនសង្ស័យមានគ្នា៣នាក់ បាននាំផ្លោះរបងសំណាញ់ដែកកំពស់២ម៉ែត្រ ចូលទៅក្នុងដីឡូតិ៍ចំការស្វាយខាងលើ ក្នុងគោលបំណងចូលទៅលួចមាន់ដែលម្ចាស់ចំការចិញ្ចឹមក្នុងទ្រុងដែក ។ ពេលនោះបុរសរងគ្រោះជាម្ចាស់ចំការ បានលឺសូរសម្លេងចេញពីទ្រុងមាន់ ក៏យកពិលចាំងមើល ស្រាប់តែឃើញជនសង្ស័យទាំង៣នាក់កំពុងគាស់ទ្រុង គាត់ក៏ស្រវាដើរទៅមើល ក៏ត្រូវជនសង្ស័យប្រើហិង្សារព្រួតវាយ ហើយពេលនោះ ជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេទាំង៣ឈ្មោះ តួ បានយកកាំបិតផ្គាក់ដែលមាននៅក្នុងចំការស្រាប់ យកមកកាប់ប្រហារទៅលើជនរងគ្រេាះពីក្រោយក្បាល និងថ្ពាលជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ។

ប្រភពបន្តអោយដឹងថា ក្រោយទទួលបានព័ត៌មាន នៃអំពើខាងលើរួចមក កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ ដែលមានឈ្មោះ ហៃ ខណះជនសង្ស័យ២នាក់ទៀតរត់គេចខ្លួន ។ លុះមកទល់វេលាព្រឹកថ្ងៃទី១ មិថុនា ឆ្នាំ២០១៨នេះ ទើបកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឈានទៅចាប់ជនសង្ស័យម្នាក់ទៀតឈ្មោះ តួ បានតែម្តង ខណះកំពុងទៀតនគរបាលកំពុងតាមប្រមាញ់ ៕