ប្រទះឃើញសាកសពស្ត្រីម្នាក់បានធ្វើអត្តឃាតចងក បញ្ចប់ជីវិតដោយសារមានវិបត្តិផ្លូវចិត្ត

កំពង់ឆ្នាំង៖ ប្រទះឃើញសាកសពស្ត្រីម្នាក់បានធ្វើអត្តឃាតចងក បញ្ចប់ជីវិតដោយសារមានវិបត្តិផ្លូវចិត្ត ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរស្ត្រីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ២ទៅ៣ថ្ងៃ ស្ត្រីរងគ្រោះតែងតែនិយាយប្រាប់មិត្តភក្តិ និងសាច់ញាតិជិតខាង ចង់ចងកសម្លាប់ខ្លួន ព្រោះតែមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ដោយសារកូនម្នាក់បានស្លាប់ដោយសារជំងឺឈាមសស៊ីឈាមក្រហម ណាមួយទៀតគ្រួសារប្តីនិងប្រពន្ធខាងលើនេះ រស់នៅដោយមិនមានការចុះសម្រុងនិងគ្នា ប្តីរស់នៅផ្ទះផ្សេង ប្រពន្ធរស់នៅផ្ទះផ្សេងៗពីគ្នា ដែលធ្វើឲ្យកើតចេញជារឿងវិបត្តិផ្លូវចិត្តរហូតឈានដល់ការសម្រេចជ្រើសរើសយកផ្លូវបញ្ចប់ជីវិតដោយការចងកសម្លាប់ខ្លួន និងខ្សែនីឡុងពណ៌សនៅដំបូលផ្ទះបាយខាងក្រោយតែម្តង។ ស្ត្រីធ្វើអត្តឃាតឈ្មោះ ភួន ភា អាយុ៤៧ឆ្នាំ មុខរបរជាគ្រូបង្រៀន ប្តីឈ្មោះ ស៊ីម ប៉ាន អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានកូន២នាក់នៅក្នុងបន្ទុក រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសពស្ត្រីខាងលើរកឃើញលិខិតបណ្តាំ ក្រោយមកសមត្ថកិច្ចបានអះអាងថា ស្ត្រីខាងលើពិតជាបានចងក៏សម្លាប់ខ្លួនឯងប្រាកដមែន។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចរាល់សមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕