បញ្ជូនមេខ្យល់១ក្រុមនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរ និង ការពារអនីតិជននៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជូនមេខ្យល់១ក្រុមដែលបានធ្វើសកម្ម ភាពនាំនារីខ្មែរ៣០នាក់ ចាប់តាំងពីឆ្នាំ២០១៤ដល់ ខែឧសភា ឆ្នាំ ២០១៨ យកទៅ លក់ អោយ បុរសជនជាតិ ចិននៅ ប្រទេសចិនធ្វើជា ប្រពន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យ ៤នាក់ ៖
-ទី១ឈ្មោះ ស៊ូ សុភាព ហៅ ស្រីតា ភេទ ស្រីអាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ( មេក្លោង )
-ទី២ឈ្មោះ ឃួន សារ៉ា វុធ ភេទប្រុសអាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ ( អ្នកសម្រប សម្រួល )
-ទី ៣ឈ្មោះ សុខ សុទ្ធា រក្ស ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ( អ្នក ស្ត្រី ខ្មែរ ទៅ ចិន )
និងទី៤-ឈ្មោះ ផល់ ផា ភេទ ប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ( ជាអ្នកដឹកជញ្ជូន) ។ អ្នកទាំង៤នាក់ ស្នាក់នៅផ្ទះជួលលេខ៩៤B សង្កាត់ ផ្សារ ដេប៉ូ ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

គួររំលឹកថា កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំង ការជួញដូរ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ ដែលបានធ្វើសកម្មភាព ឃោសនា ជ្រើសរើសនាំនារីខ្មែរបាន ចំនួន៣០នាក់ ចេញពីប្រទេសកម្ពុជានាំឆ្លង ដែនដោយខុសច្បាប់ទៅប្រទេសចិន ដើម្បីរៀបអាពាហ៍ពិពាហ៍ ផ្ទុយ ពី ឆន្ទៈ ដោយ បានតម្លៃ ក្នុងម្នាក់ៗ ចាប់ពី៥០០០ ដល់ ១០០០០ ដុល្លារអាមេរិក ។

សមត្ថកិច្ចបានធ្វើការដកហូតរថយន្តសម្រាប់ ដឹកជញ្ជូនស្ត្រីខ្មែរចំនួន ២គ្រឿង(១គ្រឿង ម៉ាកLexus RX330ពណ៌ស្ក ស្លាកលេខភ្នំពេញ 2AS-8028 និង១គ្រឿង ទៀតម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2N-6180) និង លុយ ៩៥០០ដុល្លារ អាមេរិក រួម នឹងទូរស័ព្ទដៃចំនួន៨ គ្រឿង ។

សំណុំរឿងនេះស្ថិតនៅលោក សៀង សុខ ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ ៕