បាត់ខ្លួនមួយថ្ងៃប្រទះឃើញបុរសម្នាក់ លង់ទឹកស្រះស្លាប់

កំពង់ធំ ៖បុរសម្នាក់បាត់ខ្លួនមួយថ្ងៃស្រាប់តែប្រទះឃើញលង់ទឹកស្រះបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិនឺពេជ ក ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ មាស ម៉ុន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

បើយោងតាមសម្ដីប្អូនថ្លៃជនរងគ្រោះឈ្មោះ វ៉ាត រីន ភេទស្រី អាយុ ២៧ ឆ្នាំ នៅភូមិ ឃុំជាមួយគ្នាបានអោយដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី ៣០ ខែឧសភា ២០១៨ ម៉ោងប្រហែល ១៣និង០០នាទី ខ្លួនបានទៅលក់ស្រា នៅកន្លែងបុណ្យអ្នកតា នៅភូមិនីពេជ ក ឃុំនីពេជ ស្រុកកំពង់ស្វាយ លុះដល់ម៉ោងប្រហែល១៩និង០០នាទី មានមនុស្សមានគ្នា០៣នាក់ ទី១ ឈ្មោះ ពឹង ស៊ុយ ភេទប្រុស ទី២ ឈ្មោះ យត ម៉ៅ ភេទប្រុស ទី៣ គឺសពផ្ទាល់ ត្រូជាបងថ្លៃ នៅភូមិជាមួយគ្នាទាំអស់ បានទិញស្រាខ្លួនផឹកទាំង០៣ នាក់ ហើយចូលរាំលេងជា មួយគេដែរ លុះដល់វេលាម៉ោង២៣និង៣០នាទីបិទបាស់ឈប់រាំ គេទៅផ្ទះអស់តែ០៣នាក់នេះមិនទៅទេនៅផឹកបន្តទៀត លុះដល់ម៉ោងប្រហែល០១យប់មេឃភ្លៀង០២នាក់ ដេកនៅកន្លែងបុណ្យ ឯជនរង គ្រោះទៅផ្ទះម្នាកឯង ។ លុះព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ម៉ោង០៩និង០០នាទី ទើបប្រពន្ធជនរងគ្រោះមកសួររកប្តី ហើយក៏ពឹងពាក់អ្នកស្រុកឲ្យជួយចុះរាវរកក្នុងស្រះតែមិនឃើញក៏ឈប់រក លុះព្រឹកឡើងរកបន្តទៀតនៅតែមិនឃើញ ដល់ម៉ោង១០និង ១៥នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ សពក៏អណ្តែតឡើងទើបឃើញ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកំលាំងជំនាញស្រុកនិងកម្លាំងប៉ុស្តិ៍ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចូលរួមពិនិត្យសព ការពិនិត្យពុំ ឃើញមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ ។ ឆ្លងតាមការពិនិត្យនិងធ្វើកោសល្យវិច័យសាកសព ទើបសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកស្រះពិតមែន។ ដោយមូលហេតុ ជនរងគ្រោះស្រវឹងស្រានឹងមានជម្ងឺសរសៃប្រសាទផង។ ក្រោយពីពិនិត្យរួច សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕