ជិះម៉ូតូឌុបគ្នាលឿនពេក ទៅបុករថយន្ត570កំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បែកមុខខ្ទេច ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និង២នាក់ទៀត រត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នា៣នាក់ ក្នុងល្បឿនលឿនចេញពីទិញថ្នាំញៀន ក៏ជ្រុលទៅបុករថយន្ត Lexus 570 ដែលកំពុងបត់ឆ្លងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខសំណង់ អនាធិបតេយ្យ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង 1C-5102 ឌុបគ្នា ចេញពីទិញថ្នាំញៀន រួចធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈពួកគេជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus RX570 ពាក់ស្លាកលេខ កណ្ដាល 2C-8838 កំពុងបត់ឆ្លងបានពាក់កណ្ដាលផ្លូវហើយនោះ ក៏ត្រូវម៉ូតូជ្រុលទៅបុកចំកង់មុខរថយន្តខាងឆ្វេងពេញទំហឹងតែម្ដង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកមុខខាងឆ្វេង និងម៉ូតូខូចខាតបន្តិចបន្តួច។ ដោយឡែក ម្ចាស់ម៉ូតូបានបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ បែកមុខមាត់ធ្ងន់ធ្ងរ ខណៈបុរស២នាក់ទៀត ដែលរងរបួសស្រាល បាននាំគ្នារត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចមកដល់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ ហើយទាក់ទងទៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះនោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ព្រមទាំងទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចយកទាំងម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕