បញ្ជូនបុរសវៀតណាមរំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំ ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានបញ្ជូនខ្លួន យុវជនជនជាតិវៀតណាមម្នាក់ដែល ធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈ ក្មេងស្រី អាយុ៤ឆ្នាំ បានសម្រេចហើយសម្លាប់ចោលញាត់ចូលពាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

យុវជនជនជាតិវៀតណាមរូបនេះ ឈ្មោះ ង្វៀង យាំងយី ហៅ អាដំឡូង អាយុ៣៣ឆ្នាំ មុខរបរ លក់ដំឡូង បានត្រូវលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ខា ហូល អាយុ៣២ឆ្នាំ មានម្តាយ ឈ្មោះ ចាន់ ធីជី ហៅម៉ា ចាយ អាយុ២៦ឆ្នាំ ហើយក្មេងស្រីរងគ្រោះ ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៧និង២៥យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានរត់លេងងូតទឹកភ្លៀង ហើយត្រូវបានជនសង្ស័យ លួងលោមនាំយកទៅ ចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ក្នុង ក្រុម៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ អង្អែលស្ទាបប្រដាប់ភេទ ហើយចាប់រំលោភ សេពសន្ថវៈ ដៃខ្ទប់មាត់ជាប់ ធ្វើឲ្យ ជនរងគ្រោះថប់ដង្ហើមរហូតដល់ស្លាប់ ហើយបានយកក្មេងស្រីរងគ្រោះញាត់ចូលពាង ក្នុងបន្ទប់ទឹក ផ្ទះរួចហើយជនសង្ស័យលូនចេញតាមបង្អួច ទៅសម្ងំនៅមាត់ទន្លេ។

សមត្ថកិច្ចបន្តទៀតថា ឪពុកម្តាយក្មេងស្រី ដោយបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨៖៣០យប់ថ្ងៃដដែល ក្រុមគ្រួសារ ចែកគ្នាដើរតាមស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹកក្នុងសភាពអាក្រាតកាយ មានហូរឈាមផង មិនអស់ចិត្ត អាណិតកូនស្រី ព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែក សម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ ទាំងក្រុមគ្រួសារស្លុតចិត្តទើប រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ច ស្វែងរក ប្រទះឃើញជនសង្ស័យនៅមាត់ទន្លេ ទើបចាប់បាន នាំទៅធ្វើការសាកសួរតាមនីតិវិធី ៕