អគ្គីភ័យឆាបឆេះខ្សែភ្លើង ផ្តើមដោយទុស្សេចរន្តភ្លើង

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះខ្សែភ្លើង ផ្តើមដោយទុស្សេចរន្តភ្លើង បង្កឲ្យភ័យស្លន់ស្លោ ខ្លាចដល់លំនៅដ្ឋានប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យ របស់អង្គភាពកងពលតូចលេខ៧០ នៅក្បែរនោះស្រាប់ចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខហាង ខឺវ៉ាង និងមុខរោងជាងក្រឡឹង យិន ហុង ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ឃើញមានធំក្លិនឆ្ងៀម ហើយហុយផ្សែងចេញពីបង្គោល មានប្រអប់កុងទ័រភ្លើង ដែលមានទីតាំងក្នុងហាង ខឺវ៉ាង ដែលសង់ផ្ទះហុំព័ទ្ធបង្គោលភ្លើងជិត ហើយឆាបឆេះចេញជាអណ្តាតភ្លើហ ទើបពលរដ្ឋក្បែរខាង ភ័យស្លន់ស្លោ ខ្លាចភ្លើងរាលដាលដល់លំនៅដ្ឋាន របស់ពួកគាត់ ។ ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ផ្អើលប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច រាយការណ៍ ស្នើសុំឲ្យកាត់ផ្តាច់ចរន្ត អគ្គីសនីជាបណ្តោះអាសន្ន ទោះជាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់ក៏មិនអាចទប់ទល់បាន ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង របស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ឲ្យរលត់ទៅវិញទាំងស្រុងភ្លាមៗផងដែរ ។

អគ្គីភ័យខាងលើ ផ្តើមចេញពីទុស្សេ ប្រអប់ភ្លើងត្រង់ចំណុចបង្គោលខាងលើ បណ្តាលឲ្យខ្សែភ្លើង ខ្សែកាបចម្រុះមានបំពាក់លើបង្គោលត្រូវបានភ្លើងឆេះដាច់ធ្លាក់ រប៉ាត់រប៉ាយ សំណាងល្អមិនបង្កដល់ផ្អះពលរដ្ឋ ហើយក៏គ្មានអ្នកណារងរបួសដែរ ប្រជាពលរដ្ឋ ក្រោយហេតុការណ៍បានរឹះគន់ផងដែរដល់ម្ចាស់ទីតាំងហាង ខឺវ៉ាង ជនជាតិចិន សង់ផ្ទះរំលោភជ្រុលហួសមកដីចំណីផ្លូវរដ្ឋ ហុំព័ទ្ធយកទាំងបង្គោលភ្លើង ដែលបង្កការលំបាកច្រើនយ៉ាង ៕