អាណិតណាស់! បុរស​វ័យ​ចំណាស់​ម្នាក់​ដេក​យាម​ចំការ​ ត្រូវក្រុមចោរលួចមាន់កាប់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ​៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ដេក​យាម​ចំការ​ត្រូវ​ជន​សង្ស័យ​នាំ​បក្ខ​ពួក​ចូល​ទៅ​លួច​មាន់​ ស្រប​ពេល​ម្ចាស់​ដឹង​ទាន់​ចុច​ពិល​​បំភ្លឺ​ចុះ​ទៅ​ចាប់​បែរ​ជា​ជន​ល្មើស​កាប់​ផ្ដាច់​សង្ខា ​។ ហេតុការណ៍​នេះ​បាន​កើត ឡើង​កាល​ពី​វេលាម៉ោង​២០និង៤០នាទី​យប់ ​ថ្ងៃ​ទី​៣១ ​ខែ​ឧសភា ​ឆ្នាំ​២០១៨​ ស្ថិត​នៅចំណុចដីឡូត៍ចំការស្វាយ ក្នុង​ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ ជា ហៃ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចាំចំការឲ្យគេ ស្នាក់នៅ ចំណុចកើតហេតុខាងលើ ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ​ជនសង្ស័យ០៣នាក់ ឈ្មោះ ជា ហៃ, ឈ្មោះ តួ និងម្នាក់ទៀតមិនស្គាល់ឈ្មោះនាំគ្នាផ្លោះរបងចូលទៅក្នុងដីឡូត៍ចំការស្វាយ (ចំណុចកើតហេតុខាងលើ) ដើម្បី លួចមាន់ ពេលនោះជនរងគ្រោះឮឆ្កែព្រុសក៏បញ្ចាំងភ្លើងពិលឃើញជនសង្ស័យកំពុងទាញសំណាញ់លួចមាន់ ក៏ងើបពី គ្រែដេកស្ទុះចេញទៅចាប់ជនសង្ស័យ រួចពួកជនសង្ស័យនាំគ្នាវាយជនរងគ្រោះដួលទៅលើដី។ហើយជនសង្ស័យឈ្មោះ តួ ស្ទុះទៅយកកាំបិតផ្គាក់របស់ជនរងគ្រោះនៅក្រោមគ្រែកាប់ទៅលើជនរងគ្រោះចំកញ្ចឹងក, ចំថ្ពាល់ខាងស្តាំ និងចំ ក្បាលរបួសធ្ងន់ រួចនាំគ្នាគេចខ្លួនបោះកាំបិតផ្គាក់ចោលនៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រួចក៏បានស្លាប់។

រហូតដល់ម៉ោង២២និង០០នាទីយប់​ថ្ងៃដដែល​កម្លាំង​នគរបាល​ចុះ​ទៅ​ស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់ឈ្មោះ ជា ហៃ នៅភូមិកើតហេតុខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់​ រីឯ​​បក្ខពួក​២នាក់​ទៀត​គេច​ខ្លួន​បាត់​ស្រមោល ​។ ដោយ​ឡែក​សាកសព​ជន​រង​គ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕