ទីប្រឹក្សាក្រសួងមហាផ្ទៃ​ ហួសចិត្តចំពោះនគរបាលខណ្ឌជ្រោយចង្វារ​ព្រោះតែរឿង…

លោក​ ច័ន្ទ​ សំអាន​ ទីប្រឹក្សាក្រសួងមហាផ្ទៃ​ ត្រូវជាឪពុក​កុមារី​ អាន​ ណាម៉េង​ អាយុ​ ៣​ ឆ្នាំ​ បានសំដែងនូវការងឿងឆ្ងល់ចំពោះ​ សមត្ថកិច្ចនគរបាលខណ្ឌ​ជ្រោយចង្វារ​ ដែលព្រងើយកន្ដើយមិនឃាត់រថយន្តបង្ករបទល្មើសចរាចរកាលពីថ្ងៃទី​ ១៦​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ នៅ​ ភូមិ​ គៀនឃ្លាំង​ សង្កាត់​ ព្រែកលៀប​ ខណ្ឌ​ ជ្រោយចង្វារ​ ។​ រថយន្តបង្ករគ្រោះថ្នាក់ចារាចរ​ ម៉ាក​ ឡង់គ្រីស័រ​ ស្លាកលេខ​ 2A-4444 ប៉ៃលិន​ បើកបរដោយលោក​វរៈសេនីយ៍ឯក​ សំរឹទ្ធ​ វុត្ថា​ នាយទាហាន​ខាងដោះមីន​ បានបើកថយក្រោយកិនក្មេងស្រីរងគ្រោះបាក់ដៃស្ដាំ​ ។​ ក្រោយកើតហេតុភ្លាមៗ​ លោកវរៈសេនីយឯក​ សំរឹទ្ធ​ វុត្ថា​ បានដឹកកុមារីរងគ្រោះទៅពេទ្យដែរ​ ។​

បន្ទាប់មកលោកមិនបានមកដោះស្រាយសងសំណងដល់ការព្យាបាលកុមាររងគ្រោះទេ​ ហើយបានយកឡានទៅទុកនៅសង្កាត់កោះដាច់​ ។​ លោក​ ច័ន្ទ​ សំអាន​ ទីប្រឹក្សាក្រសួងមហាផ្ទៃ​ បានដាក់ពាក្យបណ្ដឹងទៅ​ នគរបាលប៉ុស្តិព្រែកលៀប​ ប៉ុន្តែ​នគរបាលហាក់ដូចព្រងើយកន្តើយ​ មិនស្វះស្វែងរកយុត្តិធម៌អោយកូនលោកសោះ​ ។​ បន្ទាប់មកនៅថ្ងៃទី​ ២០​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ លោក​ ច័ន្ទ​ សំអាន​ បានស្វែងរករថយន្តបង្ករគ្រោះថ្នាក់ចំពោះកូនគាត់ជំនួសសមត្ថកិច្ច​ ។​ លុះពេលលោករកឃើញរថយន្តបង្ករគ្រោះថ្នាក់ហើយ​ លោកបានរាយការណ៍ជូន​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ជាស្នងការនគរបាលរាជធានី​ ដើម្បីសុំអន្តរាគន៍​ ។​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បានបញ្ជាអោយអធិការខណ្ឌជ្រោងចង្វារ​ ចុះទៅដកហូតរថយន្តនោះដើម្បីទុកដោះស្រាយតាមផ្លូវច្បាប់​ ។​ ប៉ុន្តែ​អ្វីដែលធ្វើអោយមហាជនហួសចិត្តនោះ​ គឺ​ សមត្ថកិច្ចនគរបាល​ចរាចរ​ខណ្ឌ​ជ្រោយចង្វារ​ បានត្រឹមចុះទៅមើលហើយក៏ដកថយវិញតាមក្បួនយុទ្ធសាស្ត្រ​ ។​

តើម្ចាស់រថយន្ត​ ឡង់គ្រីស័រលេខ​ ២អា-៤៤៤៤​ ប៉ៃលិន​ មានអំណាចដល់កម្រឹតណាទៅដែលលោកអធិការមិនហ៊ានប៉ះ​ ?​ តើកុមារីរងគ្រោះទទួលបានយុត្តិធម៌ម្ដេចនឹងកើតបើសមត្ថកិច្ចមិនអនុវត្តច្បាប់​ ?​ ករណី​នេះកុមារីរងគ្រោះ​ ជាកូនលោកទីប្រឹក្សាក្រសួងមហាផ្ទៃផងនៅ​ សមត្ថកិច្ចនគរបាល​ខណ្ឌ​ជ្រោយចង្វារ​ ហ៊ានធ្វើបែបនេះ​ ចុះបើកូនរាស្ត្រតូចតាចនឹងក្លាយទៅជាយ៉ាងណា​ ?