ស្ដ្រីជនជាតិចិនត្រូវចៅក្រមសម្រេចឃុំខ្លួនដាក់គុកព្រៃសសិន រឿង វាយធ្វើទារុណកម្មក្មេងស្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះលោក អ៊ី ថាវរៈ ចៅក្រមស៊ើបសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេចឃុំខ្លួនថៅកែស្រីដែលបានវាយធ្វើទារុណកម្ម ក្មេងស្រីកូនឈ្នួលរាប់ឆ្នាំហើយ ដោយដាក់គុកជាបណ្តោះអាសន្ន ។

លោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ម៉េង រ័ត្នពិសី ហៅ ភា អាយុ ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ ស្នាក់នៅផ្ទះ លេខ ១៧អា ក្បែរផ្សារបុរីសន្តិភាព២ ភូមិ តំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសទាក់ទង ទៅលើជនរងគ្រោះឈ្មោះ ជា ស្រីនូ ហៅ ស្រី ពៅ អាយុ ១៦ឆ្នាំ មានស្រុកកំណើត ភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មករស់នៅ ស៊ីឈ្នួល ក្នុងផ្ទះជាមួយ ដោយ យោងតាមមាត្រា ២១៩ នៃក្រមព្រហ្មទណ្ឌជនត្រូវចោទ អាចប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ៥ឆ្នាំ។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះរបស់ជនសង្ស័យ ក្រោយពីមានការបែកធ្លាយ ព័ត៌មានថា ស្ត្រីសង្ស័យ បានប្រើអំពើហិង្សាលើក្មេងស្រីរងគ្រោះ របួសជាច្រើនកន្លែង អស់រយៈពេល ៤ឆ្នាំ៕