ក្រសួងជំនាញប្រកាសឲ្យប្រយ័ត្នរន្ទះនិងទឹកជំនន់ក្នុងសប្តាហ៍នេះ

បាតុភូត​ធម្មជាតិ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ នៅ​តែ​បន្ត​មាន​ឥ​ទ្ឋិ​ពល​ខ្លាំង​ទាំង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ និង ស​ប្តា​ហ៍​ខាង​មុខ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​របស់​ប្រទេស​ខ្មែរ ។

បើ​តាម​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ បាន​ពន្យល់​ថា មូលហេតុ​ដែល​កើត​មាន​បាតុភូត​ធម្មជាតិ​ខាងលើ​នេះ ដោយសារ​កម្រិត​សម្ពាធ​ទាប នឹង​ចាប់ផ្តើម​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ។ ដោយឡែក​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ អាច​នឹង​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប ( ITCZ) កើតឡើង​អូស​កាត់​ពីលើ​ព្រះរាជាណាចក្រ​កម្ពុជា (​ពី​ភាគ​ពាយ័ព្យ​ទៅ​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​) ។

សេចក្តីជូនដំណឹង​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​ដដែល​នេះ ក៍បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយសារ​បាតុភូត​ពីរ​ខាងលើ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ស្ថានភាព​ដូច​តទៅ​៖ ចាប់ពី​ថ្ងៃ​ទី​២៩ ឧសភា​ស្អែក​នេះ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​នៅ​តំបន់​មួយ​ចំនួន ពិសេស​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ ទំនាប​កណ្តាល​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត (​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​) ។

ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៨ ខែមិថុនា ភ្លៀង​ដែល​មាន​លក្ខណៈ​ជា​ប្រ​ព័​ន្ឋ​នឹង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ។ ការ​ធ្លាក់​ភ្លៀង​ក្នុង​លក្ខណៈ​ជា​ប្រ​ព័​ន្ឋ ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល ។

សេចក្តីជូនដំណឹង​ដដែល​ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕