ឃាត់ខ្លួនចោរ កាច់សោរកម៉ូតូចំនួន២នាក់ រួមនិងឧបករណ៍ធ្វើសកម្មភាព

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពរាប់សិបលើកក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា បានមកអស់លក្ខ័ ក្នុងខណ្ឌជ្រោយចង្វារ ខណៈដែលកម្លាំងនគរបាលផ្នែកអន្តរាគមន៍ កំពុងល្បាតក្នុងភូមិសាស្ត្រក៏សង្ស័យបានដេញឃាត់សួរនាំនិងឆែកឆេរ រកឃើញឧបករណ៍សំរាប់កាច់បំបាក់ សោរកម៉ូតូ មួយកំផ្លេ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៣និង ០០នាទី ថ្ងៃទី ២៦ ឧសភា ២០១៨ ចំណុចចន្លោះស្ពានលេខ៣និងលេខ៤ តាមបណ្តោយផ្លូវជាតិ៦អា ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយវា ភ្នំពេញ ។

ប្រភពពីលោកវរៈសេនីយ៍ទោ ចាន់ ស្លី អធិការរង ផ្នែកអន្តរាគមន៍ បានឲដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ ទី១ .រុន ស៊ីថា អាយុ ៣៣ឆ្នាំមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឈើខ្លង ឃុំស្វាយទាប ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី២មានឈ្មោះ ចាន់ វី អាយុ ៤៤ឆ្នាំ មុខរបររត់កងបីមានទីលំនៅ ភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។ វត្ថុតាងដកហូតរួមមាន៖ ដែកសំប៉ែតចុងស្រួចចំនួន២ សោរអក្សរ T ចំនួន១ និងម៉ូតូហុងដារស៊េរី ២០១៨មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1GU-6672 ជាមធ្យោបាយរបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកកាន់ផ្នែកជំនាញព្រហ្មទ័ណ្ឌ នៃអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីធ្វើការសួរនាំនិងកសាងសុំណុំរឿងតាមនិតិវិធី ៕