ពុលនំប៉័ងមនុស្សក្មេងចាស់ជិត១០០នាក់ នៅស្រុកចិត្តបុរី ខេត្តក្រចេះ

ក្រចេះ៖ មនុស្សក្មេងចាស់ប្រុសស្រីប្រមាណជិត១០០នាក់ បានរងការពុលចំណីអាហារ ដែលពួកគេបានបរិភោគពីក្នុងពិធីជួបជុំមួយកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ។ យ៉ាងណា ប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា អ្នកជំងឺទាំងអស់បានធូរស្រាលអស់ហើយ ហើយក្រុមការងារជំនាញក៏កំពុងបន្តស្រាវជ្រាវរកមូលហេតុពិតផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវុត្ថា ប្រាប់ នៅព្រឹកថ្ងៃសៅរ៍នេះថា មានផ្ទុះករណីពុលជាថ្មីទៅលើប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយប្រជាពលរដ្ឋជាច្រើន មានអាការៈដូចៗគ្នា គឺ ឈឺពោះ ក្អួតចង្អោ អស់កម្លាំង ចំពោះកុមារមានរាគបន្ថែម។

បើតាមប្រធានមន្ទីរ គិតត្រឹម ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ដែលរងការពុលសរុបមានចំនួន៧៥នាក់ ស្រី៣៩នាក់ ក្នុងនោះមានកុមារ៥៣នាក់។

លោកបន្តថា អ្នកជំងឺចំនួន៤០នាក់ ក្នុងនោះ មានស្រី២១នាក់ និងកុមារ២១នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈអ្នកជំងឺ៣៥នាក់ មានស្រី១៨នាក់ និងកុមារ២១នាក់ បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន។ ចំពោះការផ្ទុះករណីពុលជាថ្មី នៅក្នុងស្រុកចិត្របុរីនេះ លោក ឈ្នាង សុវុត្ថា បានបញ្ជាក់ថា អ្នកជំងឺទាំងអស់ បានហូបនំប៉័ងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ស្ដីពីការជំរុញទីផ្សារខ្នាតតូចផលិតផលដំឡូងមី។ បែបណា លោកថា ក្រុមការងារឆ្លើយតបបន្ទាន់ កំពុងបន្តចុះធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដហើយ។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែ រហូតមកទល់នឹងចុងខែឧសភានេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានរងការពុលជាបន្តបន្ទាប់ ដោយបានសម្លាប់មនុស្សផងដែរ។ កាលពីដើមខែឧសភាកន្លងទៅមានករណីពុលពលរដ្ឋនៅក្នុងភូមិ ចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបានសម្លាប់ ប្រជាពលរដ្ឋ ចំនួន១៣នាក់ និង ជាង២០០នាក់ ទៀត ត្រូវបាន បញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យ។ អ្នកភូមិ ជាច្រើន មាន រោគសញ្ញាដូចៗគ្នា ដូចជា ឈឺពោះ ក្អួតចង្អោរ ឈឺ ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង ថប់ដង្ហើមជាដើម។

ពាក់ព័ន្ធករណីពុលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្ទោសរដ្ឋមន្រ្តី៣រូបយ៉ាងខ្លាំងៗ និងព្រមានដកចេញពីតំណែង ក្រោយពីរដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បានចេញផ្សាយរបាយការណ៍ខុសគ្នា។ សម្ដេចថា ប៉ុន្មានថ្ងៃមកនេះ មានការបំពុលព័ត៌មានតាមរយៈរដ្ឋមន្ត្រីខ្លួនឯង បានបង្កើតទៅជាបញ្ហាស្ទើរតែធ្វើឲ្យសម្ដេចទប់ចិត្តមិនបាន ដែលតម្រូវឲ្យមានការបណ្ដេញនូវថ្នាក់រដ្ឋមន្ត្រីមួយចំនួន ចេញពីរាជរដ្ឋាភិបាល ទាក់ទងនឹងការពុលនៅខេត្តក្រចេះ។

សម្ដេចតេជោបន្តថា សម្ដេចបានប្រគល់តួនាទីនេះ ឲ្យក្រសួងសុខាភិបាល ធ្វើការងារតាំងពីដើមទី ហើយក្រសួងក៏បានផ្សព្វផ្សាយយកជាផ្លូវការរួចស្រេចហើយដែរ ហេតុអ្វីបានជាចាំបាច់មានការអត្ថាធិប្បាយ និងលើកបញ្ហានេះបញ្ហានោះ ដែលបង្កើតជាជម្លោះរវាងរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្នុងស្ថាប័នរាជរដ្ឋាភិបាល។ ការស្តីបន្ទោសនេះ បានធ្វើឡើងនៅចំពោះមុខបណ្តារដ្ឋមន្រ្តីផ្សេងទៀត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា ដោយបញ្ជាក់ថា “ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត”។

ជុំវិញហេតុការណ៍នេះ ក្រសួងទាំង៣ បានខ្វែងគំនិតគ្នាក្នុងការរកឃើញមូលហេតុ ដែលបណ្ដាលឲ្យពលរដ្ឋរាប់រយនាក់ពុល។ ដំបូង ឡើយ ក្រសួងសុខាភិបាល រក ឃើញថា ករណីនេះ បណ្តាលមកពី ការពុល ស្រា និង មួយចំនួនទៀត សង្ស័យថា ពុល ទឹក ព្រែក ដែល ប្រជាពលរដ្ឋ បាន ប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែ ក្រោយមក លោក ចម ប្រសិទ្ធបានចេញមក អះអាងថា ករណី ពុលស្លាប់នៅក្នុងខេត្តក្រចេះនេះគឺបណ្តាលមកពីសារធាតុ ស្យានីតដែលគេប្រើប្រាស់សម្រាប់លាងរ៉ែមាសទៅវិញ។ តែមូលហេតុ របស់លោក ចម ប្រសិទ្ធនេះត្រូវបានលោក ស៊ុយ សែម ទាត់ ចោល ដោយលោកបានអះអាងស្រដៀងរដ្ឋមន្ត្រីក្រសួង សុខាភិបាលថា ករណីពុលនេះ គឺ បណ្តាលមកពី ថ្នាំពុល សម្លាប់ សត្វល្អិត ថ្នាំ សម្លាប់ ស្មៅ និង ករណី មួយចំនួនទៀត គឺ បណ្តាលមកពីពុលស្រា៕