បុរសម្នាក់ជិះម៉ូតូបុកខឿនទ្រូងផ្លូវ បោកនឹងបង្គោលផ្លាកប៉ាណូបាក់.ក ស្លាប់ភ្លាមៗនៅនិងកន្លែង

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ដោយមានអាការៈស្រវឹង ហើយរវល់តែងាកមើលស្រីៗ ដែលកំពុងអង្គុយ ឈរ តំរៀបជួរ រងចាំទទួលភ្ញៀវតាមមុខហាង KTV ក៏ជ្រុលចង្កូតទៅបុកខឿនទ្រូងផ្លូវ ដួលបោកក្បាលនឹងបង្គោលស្លាកប៉ាណូ បណ្តាលឲ្យបក្បាល និងបាក់កស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោង៩យប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០០៤ ម្តុំសម្បុក សំបូរហាងខារ៉ាអូខេ ទល់មុខKTV មានលាភ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ សពជនរងគ្រោះ ឈ្មោះ ឈៀង ណារិទ្ធ មានអាយុ២៦ឆ្នាំមុខរបរជាងដែក ស្នាក់សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ ។​ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GC-0519 ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ សង្ស័យស្រវឹងស្រា បានជិះម៉ូតូតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដែលសំបូរដោយហាង KTV និងមាននារីស្អាតៗរងចាំទទួលភ្ញៀវ  ស្របពេលដែលជនរងគ្រោះរវល់តែងាកមើលតាមមុខហាង និងមានអាការៈស្រវឹងស្រាផងនោះ ស្រាប់តែជ្រុលរេចង្កូតទៅបុកខឿនទ្រូងផ្លូវ បណ្តាលឲ្យដួលបោកនឹងផ្លាកប៉ាណូ បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ហើយបានទាក់ទងទៅសាច់ញាតិក្រុមគ្រួសារ និងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះ ឲ្យទៅសាច់ញាតិយកទៅដំកល់ទុកនៅវត្ថក្រាំងធ្នុង ដើម្បីរងចាំធ្វើបុណ្យតាមប្រពៃណី ៕