​ជនជាតិ​ចិន​មួយ​ក្រុមដែល​បាន​បើក​ឆាក​ប្រ​យុ​ទ្ធ​គ្នាជាប់ខ្នោះ

ព្រះ​សីហ​នុ៖ សមត្ថកិច្ច​បាន​អន្តរាគមន៍​ភ្លាម​ៗ ចាប់​ឃាត់ខ្លួន​ជន​ជាតិ​ចិន​មួយ​ក្រុមដែល​បាន​បើក​ឆាកប្រយុទ្ធ​គ្នា បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​រៀង​ៗ​ខ្លួន នៅ​ក្នុង​ហាង​មួយ​កន្លែង​យីហោ ស៊ុប​ឆ្នាំងភ្លើង ឆ​ង ឈិង ដែល​មាន​ថៅកែ​ជនជាតិ​ចិន​ដូច​គ្នា ផ្អើល​អស់​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ ។​ ករណី​បង្ក​ហិង្សា​នេះ បាន​កើតឡើង​កាល​ពី​វេ​លា​ម៉ោង​៩​និង​១៥​នាទី​យប់ថ្ងៃ​ទី​២១ ខែឧស​ភា ឆ្នាំ​២០១៨ ស្ថិត​​នៅ​ក្បែរ​រង្វង់​មូល​តោ​ពីរ ស្ថិ​ត​​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហ​នុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​ការណ៍​វាយតប់​គ្នា កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​មក​អន្តរាគមន៍​ចុះ​ចាប់​បាន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ភ្លាម​ៗ ។​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ទាំង​៣​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មួយ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ជនជាតិ​ចិន ភាគច្រើន បង្ក​គ្រោះថ្នាក់​ចរាចរណ៍ អំពើ​ហិង្សា​ជា​រៀងរាល់ថ្ងៃ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ បញ្ហា​ទាំងនេះ បាន​ក្លាយជា​ក្ដី​កង្វល់​ចំពោះ​បញ្ហា​សន្តិសុខ​របស់​ពួក​គាត់​ផង​ដែរ ។ ជាក់ស្តែង​ករណី​បង្ក​ហិង្សា​បង្ក​ឡើង​ដោ​យ​ជនជាតិ​ចិន​ខាងលើ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញា​ក់ផ្អើល​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំ​ណើរ​តាម​ដងផ្លូវ និង​ភ្ញៀវ​ទេសចរណ៍ ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​​ដែលជា​តំបន់​ដែល​រដ្ឋាភិបាល​ប្រសិទ្ធ​នាម​ថា​«​តារា​រះ​នា​ទិសនិរតី​»​នេះ ៕