ទីបំផុតវាសនាលោក ឧកញ៉ា ហូរ ចំរើន ត្រូវបញ្ជូនទៅនៅពន្ធនាគារព្រៃស ក្បែរផ្ទះរបស់លោកឧកញ៉ា

ភ្នំពេញ៖ ទីបំផុតវាសនាឧកញ៉ា ហូរ ចំរើនត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ាហូចំរើនដាក់ពន្ធនាគារព្រៃសរ(ម១) ជាបណ្តោះអាសន្ន ។

លោក សៀង សុខ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញបានចោទ ប្រកាន់ទៅលើលោកឧកញ៉ា ហូ ចំរើន ពីបទ គំរាមកំហែងថានឹងសម្លាប់ បទបញ្ញាត្តិមានចែងតាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ស្នូរផ្ទុះអាវុធប្រមាណ៦ ទៅ៧គ្រាប់ បានបន្លឺឡើងនៅក្នុងភូមិគ្រឹះដ៏ស្គឹមស្គៃមួយកន្លែង ដែលត្រូវបានគេស្គាល់ថា ជាភូមិគ្រឹះរបស់លោកឧកញ៉ាហូ ចំរើន ដែលត្រូវជាកូនប្រសាររបស់លោកឧត្តមសេនីយ៍ទោ យិន គារ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

បន្ទាប់ពីមានស្នូរផ្ទុះអាវុធកើតឡើង កម្លាំងនគរបាល រួមជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោរ បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ប៉ុន្តែពុំមានកម្លាំងណាមួយហ៊ានចូលទៅពិនិត្យដល់ក្នុងភូមិគ្រឹះកើតហេតុឡើយ បានត្រឹមតម្រង់ជួរឈរក្រៅរបងមុខផ្ទះតែប៉ុណ្ណោះ ខណះដែលពេលនោះ គេសង្គេតឃើញវត្តមានលោកឧត្តមសេនីយ៍ទោយិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលជាឪពុកក្មេកចេញមុខមកសម្របសម្រួលជាមួយសមត្ថកិច្ចនៅមុខភូមិគ្រឹះ ។

សូមបញ្ជាក់ថា ឧកញ៉ាហូ ចំរើន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្តល់គោរមងារជា ឧកញ៉ា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ។ ក្រោយត្រាស់បង្គាប់ផ្តល់គោរមងារថ្មី រំលងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែឧកញ៉ាថ្មីថ្មោងរូបនេះ ប្រព្រឹត្តិទង្វើបាញ់បោះទៅវិញ ។ ដែលអំពើបាញ់បោះខាងលើ ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានទូទៅ ពិសេសណោលើបណ្តាញសង្គមហ្វេសបុក តែម្តង ។

ក្រោយកើតមានអំពើបាញ់បោះរួចមក ឧកញ៉ាហូ ចំរើន ពុំត្រូវបានស្ថាប័ន្ថច្បាប់ណាមួយប្រើប្រាស់វិធានការណ៍ផ្លូវច្បាប់ចាត់ការឡើយ ដោយអូសបន្លាយពេលជិត១ខែ ពោលតាំងពីថ្ងៃកើតហេតុ មកទល់នឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ទើបសម្រេចធ្វើការឃាត់ខ្លួនតែម្តង ៕