ថៅកែសិប្បកម្មផលិតទឹកបរិសុទ្ធម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់

កំពង់ឆ្នាំង៖ ខ្មាន់កាំភ្លើងបាញ់ថៅកែសិប្បកម្មផលិតទឹកបរិសុទ្ធម្នាក់ប្រមាណ២-៣ គ្រាប់បណ្ដាលអោយដាច់ខ្យល់ស្លាប់ភ្លាមៗ នៅ ចំណុចមុខផ្ទះរបស់ខ្លួន ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង ៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ិន ហឿន ភេទប្រុស អាយុ៦១ឆ្នាំមានប្រពន្ធ និងកូន៦នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ និងមានមុខរបរជាម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធយីហោ ជីងថាយ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេបានឮស្នូរគ្រាប់កាំភ្លើងផ្ទុះ២ទៅ៣គ្រាប់ ទើបស្ទុះទៅមើលក៏ឃើញជនរងគ្រោះដេកនឹងដីក្រោមឡាន ខណៈខ្មាន់កាំភ្លើងដើរចេញ និងឡើងម៉ូតូចេញទៅទិសខាងត្បូងបាត់។ ក្រោយពីការបាញ់ប្រហារលើជនរងគ្រោះហើយ ទើបពលរដ្ឋស្រែកឆោឡោ ដើម្បីឲ្យអ្នកស្រុកជួយ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាម ៗ ខ្មាន់កាំភ្លើងស្លៀកខោអាវប៉ារ៉ា និងពាក់មួកនិន្ចាពណ៌ខ្មៅ មានកាន់កាំភ្លើងវែង តែមិនស្គាល់ម៉ាក និងជិះម៉ូតូកញ្ចាស់គេចខ្លួនបាត់ស្រមោល។ ករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យជាជំហានដំបូងថា ជាករណីប្លន់សម្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំព្រឹកថ្ងៃព្រហស្បតិ៍នេះ ទើបធ្វើការពិនិត្យសាកសព និងបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕