មុននេះបន្តិច ឧកញ៉ាផ្កាយ៣ ហូ ចំរើន ត្រូវបានបញ្ចូនខ្លួនដល់តុលាការ

រាជធានីភ្នំពេញ ៖ គិតត្រឹមរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ឧកញ៉ាផ្កាយ៣ ហូ ចំរើន ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ចូនខ្លួនដល់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីបាញ់បេាះជាច្រើនគ្រាប់ ក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃខ្លួន នាសង្កាត់ព្រៃស ខណ្ឌដង្កោរ កាលពីថ្ងៃទី២១ មេសា កន្លងទៅ ។

ប្រភពព័ត៌មានអោយដឹងថា ឧត្តមសេនីយ៍រូបនេះ ត្រូវបាននាំខ្លួនយកទៅសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាំងពីយប់ថ្ងៃទី១៥ ម្សិលមិញមកម្លេះ លុះព្រឹកថ្ងៃទី១៦នេះ ទើបសម្រេចឃាត់ខ្លួនជាផ្លូវការណ៍តែម្តង ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ស្នូរផ្ទុះអាវុធប្រមាណ៦ ទៅ៧គ្រាប់ បានបន្លឺឡើងនៅក្នុងភូមិគ្រឹះដ៏ស្គឹមស្គៃមួយកន្លែង ដែលត្រូវបានគេស្គាល់ថា ជាភូមិគ្រឹះរបស់លោកឧកញ៉ាហូ ចំរើន ដែលត្រូវជាកូនប្រសាររបស់លោកឧត្តមសេនីយ៍ទោ យិន គារ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

បន្ទាប់ពីមានស្នូរផ្ទុះអាវុធកើតឡើង កម្លាំងនគរបាល រួមជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោរ បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ប៉ុន្តែពុំមានកម្លាំងណាមួយហ៊ានចូលទៅពិនិត្យដល់ក្នុងភូមិគ្រឹះកើតហេតុឡើយ បានត្រឹមតម្រង់ជួរឈរក្រៅរបងមុខផ្ទះតែប៉ុណ្ណោះ ខណះដែលពេលនោះ គេសង្គេតឃើញវត្តមានលោកឧត្តមសេនីយ៍ទោយិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលជាឪពុកក្មេកចេញមុខមកសម្របសម្រួលជាមួយសមត្ថកិច្ចនៅមុខភូមិគ្រឹះ ។

សូមបញ្ជាក់ថា ឧកញ៉ាហូ ចំរើន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្តល់គោរមងារជា ឧកញ៉ា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ។ ក្រោយត្រាស់បង្គាប់ផ្តល់គោរមងារថ្មី រំលងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែឧកញ៉ាថ្មីថ្មោងរូបនេះ ប្រព្រឹត្តិទង្វើបាញ់បោះទៅវិញ ។ ដែលអំពើបាញ់បោះខាងលើ ត្រូវរងការរិ់ះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានទូទៅ ពិសេសណោលើបណ្តាញសង្គមហ្វេសបុក តែម្តង ។

ក្រោយកើតមានអំពើបាញ់បោះរួចមក ឧកញ៉ាហូ ចំរើន ពំុត្រូវបានស្ថាប័ន្ថច្បាប់ណាមួយប្រើប្រាស់វិធានការណ៍ផ្លូវច្បាប់ចាត់ការឡើយ ដោយអូសបន្លាយពេលជិត១ខែ ពោលតាំងពីថ្ងៃកើតហេតុ មកទល់នឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ទើបសម្រេចធ្វើការឃាត់ខ្លួនតែម្តង ៕