បុរសម្នាក់ទំនងជាស្រវឹងបើករថយន្តបុកសួនទ្រូងផ្លូវហោះទៅចូលក្នុងស្នាក់ការលក់ដី បុករះម៉ូតូ២គ្រឿង សំណាងមិនធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តកូរ៉ូឡារេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះចូលស្នាក់ការលក់ដីឡូមួយកន្លែងនិងបុករះម៉ូតូ២គ្រឿង ដោយមានមួយគ្រឿងគៀបជាប់ក្រោមកង់រថយន្ត រងការខូចខាតយ៉ាងដំណំ ។ សំណងល្អដែរមិនធ្លាក់ចូលប្រឡាយ និងមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ថ្ងៃ ត្រង់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅលើដងផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់រថយន្តបង្កខាងលើមានឈ្មោះ ទូច វណ្ណៈ ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិហនុមាន ឃុំកណ្ដីង ស្រុកបាទី ខេត្តតាកែវ ។ ដោយបានធ្វើឲ្យខូចខាតសំភារះរួមមាន ៖សួនច្បារពុះចែកទ្រូងផ្លូវ , ម៉ូតូចំនួន២គ្រឿង ,ចញ្ចុះសម្រាប់អង្គុយលេងចំនួន១ , ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើត ហេតុ គេឃើញរថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2X-3097 ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ស្រាបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះចូលទៅស្នាក់ការលក់ដីឡូក្បែរគ្នា មកបុករះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកសង់កូរ៉េ និងមួយគ្រឿងទៀតម៉ាកកុបជ្រុង បានជាប់ក្រោមកង់រថយន្តបង្កអូសជិត១០ម៉ែត្រ រួមទាំងបុកចញ្ចុះសម្រាប់អង្គុយលេងបណ្ដាលឲ្យក្រឡាប់ ហើយបិុសនិងធ្លាក់ចូលប្រឡាយទឹកផងដែរ ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានទាក់ទងមិត្តភក្ត្រ័ឲ្យមកជួយអន្តរាគមន៍ និងបានសម្រួលជាមួយភាគីរងគ្រោះ ដោយសងថ្លៃខូចខាងម៉ូតូកុបជ្រុងដែលគៀបក្រោមកង់រថយន្ត ចំនួន600$ , ម៉ូតូសង់កូរ៉េចំនួន130$ និងកញ្ចុះសម្រាប់អង្គុយចំនួន70$ ។ចំណែកឯសួនច្បារពុះចែកទ្រូងផ្លូវវិញដោយសមត្ថកិច្ចមូលដ្ឋានយល់ថា រងការខូច ខាតតិចតួច ក៏បានឲ្យម្ចាស់រថយន្តយកទៅជួសជុលដោយខ្លួនឯង បញ្ចប់រឿងនៅនិងកន្លែងតែម្ដង ៕