ចៅក្រម ប៊ុន ធី លែងជនត្រូវចោទ២នាក់ ឱ្យទៅផ្ទះយ៉ាងសប្បាយរីករាយ

ភ្នំពេញ៖ យោងតាមសេចក្តីរាយការពីសមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងថ្ងៃប្រចាំការ ប៉ុន្មានថ្ងៃនេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន និងកញ្ញា វ៉ា សក្កដា ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការគ្នា យ៉ាងរលូន ដោះលែងជនត្រូវចោទ ២នាក់ក្នុងសំណុំរឿង ២ផ្សេងគ្នា ក្រោមហេតុផល ដាក់ក្រោមការត្រួតពនិត្យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ គឺលោកចៅក្រម ប៊ុន ធី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ ពេជ្រ ដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីស៊ីដាច់លុយក្រុមហ៊ុនទូរស័ព្ទ ICall & Vfone។

ការសម្រេចដលែងជនត្រូវចោទខាងលើនេះ បន្ទាប់ពីកញ្ញាព្រះរាជអាជ្ញារង វ៉ា សក្កដា សម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅជូនលោកចាត់ការបន្ត ក្រមបទចោទប្រកាន់ រំលោភលើទំនុកចិត្ត។

ចំណែកករណីទី២ លោកចៅក្រម ប៊ុន ធី កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ទៀតឈ្មោះ អ៊ួក វរ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិស្រែជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណី បើករថយន្តម៉ាក RAV4 ពាក់ស្លាកលេខ 2S-8106 បុកជនរងគ្រោះឈ្មោះ យឺន សារិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ ស្លាប់នៅតាមបណ្តោយផ្លូវជាតិលេខ៣។

ការសម្រេចដោះនេះ ត្រូវបានលោក ប៊ុនធី ធ្វើឡើង បន្ទាប់ពី លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន សម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿង ទៅឲ្យលោកចៅក្រម ដោះលែងតាមនីតិវិធី។

ពាក់ព័ន្ធការដោះលែង ជនត្រូវចោទខាងលើ លោកចៅក្រម ប៊ុន ធី បានអះអាងបញ្ជាក់ថា ដោយសារតែ ភាគីទាំងសងខាង សម្របសម្រួលគ្នា បញ្ចប់រឿង។ ចំណែកមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ករណីដោះលែងជនត្រូវចោទខាងលើ គេបានឲ្យថ្នាក់ដឹកនាំសារព័ត៌មាន ជាន់ខ្ពស់ ប្រចាំសាលាដំបូងរាជធានីភ្នំពេញជាអ្នកចាត់ចែក បំបិទព័ត៌មានកុំឲ្យមានការចេញផ្សាយ ៕