សាលាបឋមសិក្សាចាងណាង អំពាវនាវដល់សប្បុរសជន មេត្តាជួយជាសម្ភារៈសិក្សា ដល់សិស្សកំពុងជួបការលំបាកជាច្រើន

ព្រៃវែង ៖ សាលាបឋមសិក្សាចាងណាង ដែលស្ថិតនៅក្នុងភូមិពោធិ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាសាលារៀននៅជនបទ ទទួលសិស្សចូលរៀន ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ ជាកូនប្រជាកសិករ ដែលមានទីលំនៅ ភូមិជុំវិញនោះ ហើយសិស្សសាលាទាំងនោះអ្វីដែលកំពុងប្រឈម គឺការខ្វះខាតសម្ភារៈសិក្សា ទៅសាលារៀនបានទៅតាមលទ្ធភាព ទាំងឯកសណ្ឋាន ទាំងសម្ភារៈសិក្សា ក្នុងសភាពបែបចម្រុះ សំខាន់ឲ្យតែបានទៅរៀន ទៅសាលា ដោយមានការអនុគ្រោះពីលោកគ្រូអ្នកគ្រូផងដែរ ។

តាមប្រសាសន៍ លោក កែវ សុវណ្ណា នាយកសាលារៀនខាងលើ បានឲ្យដឹងថា សាលារៀនខាងលើ កន្លងមកទទួលរងភាពទ្រឌទ្រោម ប្រេះបាក់បែក ដំបូលធ្លុះធ្លាយ ជួនបង្រៀនសិស្សក្រោមដើមឈើ ដោយមើលឃើញទុក្ខលំបាករបស់សិស្ស លោកគ្រូអ្នកគ្រូ សាលារៀនខាងលើត្រូវបានឯកឧត្តម ស សុខា តំណាងរាស្រ្ត
មណ្ឌលខេត្តព្រៃវែង និងក្រុមការងាររបស់លោក បានជួយធ្វើការជួសជុលសាលារៀនមួយខ្នង ដើម្បីសម្រួលដល់ការសិស្សារបស់សិស្សានុសិស្ស ជាទឹកចិត្តផ្សារភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ។

លោកនាយកសាលាបន្តទៀតថា ក្នុងឆ្នាំសិក្សា ២០១៧-២០១៨នេះ សាលារៀនចាងណាង មានសិស្សចូលរៀនចំនួន ២៧១នាក់ ស្រី១៤៥នាក់ គ្រូបង្រៀនចំនួន ៩នាក់ ស្រី៤នាក់ មានចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ ហើយកូនសិស្សទាំងនោះ សុទ្ធសុឹងតែជាកូនប្រជាកសិករ រស់នៅក្នុងភូមិជុំវិញ ហើយភាគច្រើនសុទ្ធតែសិស្សក្រីក្រ សិស្សក្រីក្រមានចំនួន៩៩នាក់ ស្រី៥២នាក់ ជួបការលំបាកច្រើន ទាំងឯកសណ្ឋាន ទាំងសម្ភារៈសិក្សា តែអ្វីជាសំខាន់ ទឹកចិត្តចូលរៀនសូត្រ ទោះជាសម្លៀកបំពាក់ចម្រុះពណ៌បែបណាក្តី ឲ្យតែក្មួយៗ បានមករៀន ដើម្បីចំនេះវិជ្ជា ។ លោកបានលើកទើងដែរថា ថវិការទ្រទ្រង់សាលា មាន តែគិតទៅតាមចំនួនសិស្ស កាល បើសិស្សសាលារៀនចាងណាងមានត្រឹមតែ២៧១នាក់ លុយទ្រទ្រង់សាលាទទួលបានក្នុង១ឆ្នាំបានត្រឹមតែជាង៣លានរៀលទេ ទើបធ្វើឲ្យសាលារបស់លោកជួបការខ្វះខាតសម្ភារៈសិស្សា ចំណាយលើសម្ភារៈបង្រៀនសិស្សមិនទាំងគ្រប់ផង ។

ដោយសិស្សសាលាមានការខ្វះខាតច្រើន ទើបលោក ក៏ដូចជាសិស្សានុសិស្សទាំងអស់ សូមធ្វើការអំពាវនាវដល់សប្បុរសជន មេត្តាជួយជាសម្ភារៈសិក្សា ដល់សិស្សកំពុងជួបការលំបាកច្រើន ៕