កូនប្រុស​ស្នងការ​រង បង្ខាំង​ក្មេង​ស្រី​ទុក​រំលោភ រួច​ឲ្យ​លក់ខ្លួន យក​លុយ​ទិញ​ថ្នាំ​ញៀន

ព្រៃវែង ៖ មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ម្នាក់ ដែល​មាន​ប្រពន្ធ​ថែម​ទាំង​មានកូន​២​នាក់ ទៅ​ហើយ​បាន​រង​បណ្តឹង​ចោទប្រកាន់​ពី​ពលរ​ដ្ធ​១​គ្រួសារ ពី​បទ​គំរាមកំហែង​បាញ់​សម្លាប់​មួយ​ពូជ និង​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូន​របស់​គាត់​ដែល​មាន​អាយុ​ទើប​១៥​ឆ្នាំ រហូត​បាន​សម្រេច ហើយ​ចុង បាន​យក​កូនស្រី​របស់​គាត់​ទៅ​ចាក់សោរ​បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ ជួល​ក្នុង​រាជធានី​ភ្នំពេញ បង្ខំ​ឲ្យ​បម្រើសេវា​ផ្លូវភេទ ជាមួយ​ភ្ញៀវ​ផ្សេង​ៗ ដើម្បី​យក​លុយ​មក​ឲ្យ​ខ្លួន​គេ​ទិញ​ថ្នាំ​ញៀន ដើម្បី​ជួញដូរ និង​ប្រើប្រាស់​ផង ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ល​.​ស​.​ហ អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ ព្រំ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហែម តង អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

បើ​តាម​ក្មេង​ស្រី​រង​គ្រោះ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ដោយ​ការ​ឈឺចាប់​ប្រាប់​ភ្នាក់ងារ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា អំឡុង​ខែ​១១ ឆ្នាំ​២០១៧ ដែល​រូប​នាង​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ ហើយ​នៅផ្ទះ​តែ​ម្នាក់ឯង ដោយ​ឪពុក​ម្តាយ​បាន​ចេញ​ទៅ​ផ្សា​រក​អណ្តើក ទិញ​អីវ៉ាន់ រីឯ​ប្អូន​ៗ​បី​នាក់​ទៅ​រៀន​អស់ ស្រាប់តែ​មាន​បុរស​ម្នាក់​ឈ្មោះ ឌឹ​ម មក​រា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខងារ​ជា​មន្ត្រី​នគរបាល​ខេត្តព្រៃវែង និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​ឧត្តមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ម ស្នងការ​រង​ខេត្តព្រៃវែង ទទួល​ផ្នែក​សេនាធិការ​ខេត្ត ។

ក្មេង​ស្រី​រង​គ្រោះ បាន​រៀបរាប់​បន្ត​ថា លោក ឌឹ​ម យ៉ា​រ៉ុ​ម បាន​បញ្ជូន​កូនប្រុស ឲ្យ​មក​ឈរជើង​នៅ​ព្រំដែន កម្ពុជា​-​វៀតណាម ច្រក​ស្វាយ​អា​ង៉ោង ថែម​ទាំង​មាន​ប្រពន្ធ​កូន​២​នាក់​ទៅ​ហើយ ជន​នោះ​បាន​ដើរ​ចូល​មក​ក្នុងផ្ទះ​របស់​នាង​រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ថា តែ​ហ៊ាន​ស្រែក និង​ប្រាប់​គេឯង​ឲ្យ​ដឹង​គេ និង​បាញ់​សម្លាប់​មួយ​ពូជ ។

បន្ទាប់​មក​ជន​នេះ ឌឹ​ម មក​រា បាន​អូស​ដៃ​នាង​ឡើង​ទៅ​លើ​ផ្ទះ ដោយ​កាន់​កាំភ្លើង​ភ្ជង់​ក្បាល​ជាប់ ហើយ​ធ្វើ​សកម្មភាព​រំលោភ​នាង​រហូត​បាន​សម្រេច ទើប​ប្អូនស្រី​នាង​មក​ពី​រៀន​វិញ​ទាន់​ក៍​ត្រូវ​ជន​ឈ្មោះ ឌឹ​ម មក​រា នេះ​គំរាម​បាញ់​សម្លាប់​ដែរ ។ តែ​ប្អូនស្រី​នាង​បាន​រត់​ចេញ​ទៅ​ហៅ​យាយ​បង្កើត​នៅផ្ទះ​កូន​ខាង​មុខ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន ។ តែ​ទំ​រាំ​យាយ​ទៅ​ដល់ ជន​នេះ​បាន​រត់គេច​ខ្លួន​តាម​ទ្វារ​ក្រោយ ទៅ​បាត់​ដោយ​ទុក​ទូរស័ព្ទ​ធំ​១​គ្រឿង មិន​ចាំ​ម៉ាក​សម្រាប់​ឲ្យ​ទាក់ទង​ទៅ​គេ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​មក​បាញ់​សម្លាប់​មួយ​គ្រួសារ​ទាំងអស់ ។

ក្មេង​ស្រី​រង​គ្រោះ បាន​បន្ថែម​ថា ដោយ​ខ្លាច​ការ​គំរាម​ពី​ជន​នោះ​ថា​នឹង​បាញ់​សម្លាប់​ម៉ែឪ បងប្អូន ខ្លួន​សុខចិត្ត​ទ្រាំ​ឈឺចាប់​លាក់បាំង​មិន​បាន​ប្រាប់​យាយ​ឪពុក​ម្តាយ​ថា ជន​នេះ​ចាប់រំលោភ​ខ្លួន​បាន​សម្រេច​នោះ​ទេ ទោះបីជា​ពួក​គាត់​ឈ្លេចសួរ ជជីក​សួរ​ដេញដោល​យ៉ាងណា​ក៍ដោយ ។

បន្ទាប់​មក​ឪពុក​ម្តាយ​គិត​ថា ខ្លួន​នៅផ្ទះ​ខ្លាច​មាន​បញ្ហា​បន្ត​ទៀត ក៍រំ​ដោះ​បញ្ជូន​ខ្លួន​ក្មេង​ស្រី​រង​គ្រោះ ទៅ​ធ្វើ​ការងារ នៅ​កាស៊ីណូ​មួយ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​រយៈពេល​១​ខែ​កន្លះ ស្រាប់តែ​ជន​ឈ្មោះ ឌឹ​ម មក​រា បាន​ទូរស័ព្ទ​មក​គំរាម​នាង​ឲ្យ​ជិះ រថយន្តឈ្នួល​ទៅ​ជួប​គេ​នៅ​ភ្នំពេញ បើ​មិន​ទៅ​ទេ គេ​នឹង​មក​បាញ់​សម្លាប់​មួយ​គ្រួសារ ។

ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ថា ដោយ​គិត​ពី​សុខ​សុ​វត្ថ​ភាព​ក្រុម​គ្រួសារ​នាង ក៍​ឡើង​ជិះ​រថយន្តឈ្នួល​ទៅ​ជួប​ជន​ឈ្មោះ ឌឹ​ម មក​រា នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​ដឹង​នោះ​ទេ ។

ក្មេង​ស្រី​រង​គ្រោះ បញ្ជាក់​បន្ថែម​ថា ជន​ឈ្មោះ ឌឹ​ម មក​រា នេះ​មាន​ប្រពន្ធ​កូន​២​នាក់ ហើយ​ប្រពន្ធ​ត្រូវជា​បងប្អូន​ជីដូនមួយ​ជាមួយ ក្រុម​គ្រួសារ​នាង​ទៀត រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយ​គ្នា (​ផ្ទះ​ក្បែរ​គ្នា​) ។ ហើយ​ខណៈ​ដែល​នាង​ឡើង​ទៅ​ដល់​ភ្នំពេញ គឺ​ឈ្មោះ ឌឹ​ម មក​រា បាន​នាំ​នាង​ទៅ​ដេក​ផ្ទះសំណាក់​យីហោ ទន្លេ​មាស នៅ​ជិត​ប៉ុស្តិ៍​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន គីឡូ​លេខ​៦ បាន​រយៈពេល​៤​ថ្ងៃ ក៍​នាំ​ទៅ​ដេក​ផ្ទះ​បង​ពួកម៉ាក​គេ នៅ​គីឡូ​លេខ​៨ បាន​២​ថ្ងៃ​ក៍​បន្ត​ទៅ​ដេក​ផ្ទះ​មិត្តភក្តិ​របស់​គេ​ម្នាក់​ទៀត នៅ​ទឹកថ្លា​បាន​ប្រហែល​១​ស​ប្តា​ហ៍ ក៍​ជួល​បន្ទុប​នៅ​ក្បែរ​នោះ​ស្នាក់​នៅ​តែ​ម្តង ។

សរុប​ទៅ​រយៈពេល​០៣​ខែ នៅ​ភ្នំពេញ នាង​គ្មាន​សេរីភាព​ទេ គឺ​ឈ្មោះ​នេះ​បាន​ចាក់សោ​បង្ខាំង​នាង នៅ​ក្នុងផ្ទះ​ពេល​ទៅ​ណា​ម្តង​ៗ ជាមួយ​គេ​គឺ​គេ​បង្ខំ​ឲ្យ​ខ្លួន​ញញឹម​រីករាយ ។ មិនតែប៉ុណ្ណោះ​នាង​ចោទ​ថា ជន​នេះ​បាន​បង្ខំ​ឲ្យ​នាង​ទៅ​ដេក​ជាមួយ​ប្រុស​ផ្សេង យក​លុយ​មក​ឲ្យ​ជន​នេះ លក់​យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​យក​មក​ប្រើប្រាស់ និង​យក​ថ្នាំ​ញៀន​ទៅ​ជួញដូរ​រហូត​ដល់​ស្រុក កំពង់ត្របែក​ទៀត​ផង ។ ហើយ​នៅ​ពេល​ដែល​នាង​រក​លុយ​មិន​បាន​ឲ្យ​គេ​ទិញ​ថ្នាំ​ញៀន គេ​វាយ​បោច​សក់​ធ្វើបាប​នាង​ទៀត ។

ក្មេង​ស្រី​រង​គ្រោះ បន្ត​ថា សម្បី​តែ​ទូរស័ព្ទ​ក៍​ជន​នេះ​មិន​ឲ្យ​ប្រើ​ដែរ ហើយ​ទូរស័ព្ទ​ដែល​ជន​នេះ​ប្រើ គឺ​យកឈ្មោះ​នាង​ដាក់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​គេ ។ ហើយ​នៅ​ថ្ងៃមួយ ពេល​ដែល​ជន​នេះ​ចេញ​មក​ក្រៅ​មួយ​ភ្លែត នាង​ក៍​យក​ទូរស័ព្ទ​លួច​តេ​មក​ប្រាប់​ឪពុក​ឲ្យ​ទៅ​យក​ខ្លួន​មក​ផ្ទះ​ផង ។ ហើយ​ឪពុក​នាង​ក៍បាន​ទូរស័ព្ទ​ប្រើ​ល្បិច​ទៅ​លួងលោម​ឲ្យ​វា​ទន់​ចិត្ត ហៅ​ថា​កូន​ឯង​នាំ​ប្អូន​មក​ផ្ទះ​វិញ​មក ទើប​ជន​នេះ​នាំ​មក​នៅ​ថ្ងៃ​ទី​៨ ខែ​៤ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៨​យប់ ។ ពេល​មក​ដល់​ផ្ទះ​ជន​នេះ​នៅ​តែ​មក​រករឿង​ស្រែក​ឡូឡា គំរាមកំហែង​ទារ​យក​នាង​ឲ្យ​ទៅ​ជាមួយ​វា​វិញ ហើយ​ថែម​ទាំង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នាង ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​នាង​ភ័យរ​ត់ទៅ​ហៅ​ប៉ូលិស​ប៉ុស្តិ៍ ឲ្យ​មក​ជួយ​អន្ត​រាគ​មក៍ ប៉ុន្តែ​ប៉ូលិស​ប៉ុស្តិ៍​ទាំងនោះ​គេ​មិន​មក​ទេ ។

ដោយសារ​ខ្លាច​ការ​គំរាមកំហែង​ញឹក​ញ៉ាប់​ពេក គ្រួសារ​របស់​ក្មេង​ស្រី​រង​គ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ សាលាឃុំ​ចាម តែ​មេឃុំ​ក្រុមប្រឹក្សា​ឃុំ គេ​និយាយ​ថា រឿង​កន្លង​ហួស ទុកជា​អ​ក្សា​បង់​ទៅ ឪ​គេ​ធ្វើការ​ធំ​ណាស់ ។​ឳ​ពុក​ម្តា​នាង​ក៍មក​ផ្ទះ​វិញ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ទើប​គ្រួសារ​គាត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​កំពង់ត្របែក ឲ្យ​ជួយ​រក​យុត្តិធម៌ ដោយ​សូម​ទារជំងឺចិត្ត​ចំនួន​៥,០០០​ដុល្លារ និង​សូម​ឲ្យ​សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ផង ។

ទោះ​យ៉ាងណា ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ សូម​សំណូមពរ​ដល់​អង្ក​ការ អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស ប្រមុខ​រាជរ​ដ្ធា​ភិ​បាល មេត្តា​ជួយ​រក​យុ​ត្តិ​ធ៌​ម​ឲ្យ​កូនស្រី​គាត់​ផង ព្រោះ​ជន​នេះ​កាច់​សាហាវឃោរឃៅ​ណាស់ អ្នក​ភូមិ​ខ្លាច​គ្រប់​ៗ​គ្នា ។

ពាក់​ព​ន្ធ័​បញ្ហា​នេះ លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា នេះ​ថា លោក​ទើប​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហើយ​លោក​ក៍បាន​បញ្ជា​ឲ្យ​លោក​អធិការ​ធ្វើ​រឿង​នេះ​ហើយ ។

ទោះជា​យ៉ាងណា លោកស្នងការ​បញ្ជាក់​ថា ឈ្មោះ ឌឹ​ម មក​រា នេះ​ជា​នាយ​រង​ផ្នែក​អគ្គិភ័យ​ខេត្តព្រៃវែង ខូច​ណាស់ ត្រូវ​ឳ​ពុក​បង្កើត​គឺ​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ប ស្នងការ​រង​ខេត្តព្រៃវែង ទទួល​ផ្នែក​សេនាធិការ​ខេត្តព្រៃវែង ប្រដៅ​យ៉ាងណា ក៏​វា​នៅ​តែ​មិន​រៀងចាល​ដែរ​អាហ្នឹង​(​ជនជាប់ចោទ​) ។

សូម​ជម្រាប់​ថា វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​មិនមែន​បណ្តែតបណ្តោយ​ឲ្យ​អ្នកឯង​ធ្វើ​អ្វី​ខុសច្បាប់​បែប​នេះ​ទេ បើ​ធ្វើ​ខុស​វិន័យ​របស់​អង្គភាព ត្រូវ​តែ​ទទួលកំហុស​ចំពោះ​មុខ​ច្បាប់ ទោះបី​កូន​អ្នក​ណាក៍ដោយ ។ ជាក់ស្តែង អគ្គស្នងការ​នគរបាល​ជាតិ នឹង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ករណី​នេះ ហើយ​ក្នុង​ករណី​រក​ឃើញ​ថា ឈ្មោះ ឌឹ​ម មក​រា ឋានន្តរស័ក្ដិ​អនុសេនីយ៍ទោ បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​មែន​នោះ អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ៕