សមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ៣នាំគ្នាដេកលក់ ក្រុមចោរប្លន់ម៉ូតូក្បែរប៉ុស្ដិ៍ បន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូចេញពីធ្វើការ ក្នុងគោលបំណងទៅលេងនៅកន្លែងធ្វើការមិត្តភក្តិដើម្បីជិះទៅផ្ទះជាមួយគ្នានៅច្បារអំពៅតែមិនទាន់បានជួបមិត្តភក្តិផង ក៏ត្រូវក្រុមចោរមានគ្នា៦នាក់ ម៉ូតូ៣គ្រឿងតាម ពីក្រោយដល់កន្លែងស្ងាត់ធាក់ផ្តួល រួចលើកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ជិះចេញទៅបាត់ បន្សល់ទុកជនរងគ្រោះទាំងមានរបួសជើងនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះនៅវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី ១១ ឧសភា ២០១៨ នៅចំណុចជិតសាខា ភីហ្សាខមភេនី (Pizza Company) តាមផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីពីជនរងគ្រោះបានប្រាប់អោយដឹងថា ខ្លួនមានឈ្មោះ យ៉ាង សារ៉ាត់ អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រឡុកស្រា នៅក្នុង NAGA ចំណែកម៉ូតូដែល បាត់បង់នោះម៉ាក Suzuki Nex ពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ 1F-5358 ។

ជនរងគ្រោះបានបញ្ជាក់ទៀតថា គឺមុនពេលកើតហេតុ ខ្លួនបានចេញពីធ្វើការ ក្នុងគោលបំណងទៅលេខមិត្តភក្តិនៅ សាខាភីហ្សាខមភេនី នៅចោមចៅ តែខណៈជិះជិតដល់ទៅហើយនោះ ក៏មានជនសង្ស័យ៦នាក់​ ជិះម៉ូតូ៣គ្រឿង ប្រហែលម៉ាក Dream ប៊ិច ម៉ូតូ Deam និង Suzuki Nex តាមមកពីក្រោយបានគៀររួចធាក់ឲ្យដួល រត់មកវាយ ទើបរត់ទៅហៅមិត្តភក្តិនៅក្បែរកន្លែងកើតហេតុ ទើបជនសង្ស័យមានឱកាស លើកម៉ូតូរបស់ខ្លួនជិះបត់ត្រឡប់ចូលមកភ្នំពេញវិញបាត់ស្រមោល ។

ជាចុងក្រោយមិត្តភក្តិជនរងគ្រោះបានត្រឹមតែឌុបជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ធបាលចោមចៅទី៣ ៕