នារីដែលបង្ហោះសម្លាប់សត្វព្រៃ និងធ្វើជាម្ហូបសំរាប់បរិភោគ បង្ហោះតាមឆែននែល Youtube ពេលនេះចូលសារភាពហើយ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រីដែលបានសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube និងប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក។

ការចូលមកសារភាពទោស កំហុសរបស់ស្ដ្រីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថាន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ អំពើទង្វើរបស់ស្ដ្រីស្រស់សោភារូបនេះ។ ស្រ្តីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Toutube និង Facebook គោលបំណងស្វែងរកថវិកា តែប៉ុណ្ណោះ។ នៅរសៀលថ្ងៃនេះ ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តី ក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត។

សូមបញ្ជាក់ថា ស្រ្តីរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញ សកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រ ថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែង រកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកា នៃការផ្សព្វផ្សាយពាណិជ្ជកម្មនានា តាមរយៈក្រុមហ៊ុន Google៕