ស្នងការ​បញ្ជា​ឱ្យ​ស្រាវជ្រាវ ករណី​កូនប្រុស​លោកស្នងការ​រង​ម្នាក់ បង្ខាំង​នារី​ទុក​រំលោភ រួច​លក់​បន្ត

ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាត់វិធានការ​តាម​ច្បាប់ បើសិន​រក​ឃើញ​ថា កូនប្រុស​បង្កើត​របស់​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ប ស្នងការ​រង​ខេត្តព្រៃវែង ចាប់​បង្ខាំង​នារី​ម្នាក់ ទុក​រំលោភ រួច​លក់​ឲ្យ​បុរស​ផ្សេង​នោះ នេះ​បើ​តាម​ផេ​ក​អគ្គស្នងការ​នគរបាល​ជាតិ ។

អគ្គស្នងការ​នគរបាល​ជាតិ បានអោយដឹងនៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៨​ នេះថា «​ដោយ​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ពាក់ព័ន្ធ​ករណី​កូនប្រុស​បង្កើត​របស់​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ប ស្នងការ​រង​ខេត្តព្រៃវែង ប្រើ​អំណាច​ឪពុក ចាប់​បង្ខាំង​នារី​ម្នាក់ ទុក​រំលោភ រួច​លក់​ឲ្យ​បុរស​ផ្សេង​នោះ អគ្គស្នងការ​នគរបាល​ជាតិ នឹង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ​ចំពោះ​ករណី​នេះ ហើយ​ក្នុង​ករណី​រក​ឃើញ​ថា ឈ្មោះ ឌឹ​ម មក​រា ឋានន្តរស័ក្ដិ​អនុសេនីយ៍ទោ និង​ជា​កូនប្រុស​បង្កើត​របស់ លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ប ស្នងការ​រង​ខេត្តព្រៃវែង បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​មែន​នោះ អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់» ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ម្សិលមិញ​នេះ មាន​នារី​ម្នាក់​បាន​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ។ ក្នុង​ពាក្យបណ្តឹង​នោះ បាន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​បុរស​ជា​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ម្នាក់ ឈ្មោះ ឌឹ​ម មក​រា ឋានន្តរស័ក្ដិ អនុសេនីយ៍ទោ ស័ក្ដិ២ ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ប ស្នងការ​រង​ខេត្តព្រៃវែង ។

សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ដ្រី​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ។ រីឯ​ជន​រង​បណ្ដឹង​ឈ្មោះ ឌឹ​ម មក​រា ក៏​នៅ​ស្រុក​កំពង់ត្របែក​ដូច​គ្នា ។ ជាមួយ​គ្នា​នោះ នារី​រង​គ្រោះ​បាន​ប្ដឹង​ចោទប្រកាន់​ថា ឈ្មោះ​ឌឹ​ម មក​រា បាន​ចាប់រំលោភ​នាង និង​បង្ខាំង​នាង​ទុក​សម្រាប់​រំលោភ​អស់​រយៈពេល​ជាង​៤​ខែ ។ មិនតែប៉ុណ្ណោះ​ជន​នេះ រៀប​គម្រោង​លក់​នាង​ឲ្យ​ទៅ​ប្រុស​ផ្សេង និង​គំរាម​បាញ់​សម្លាប់​នាង​ទាំង​ពូជ​ទៀត​ផង ។

ទោះជា​យ៉ាងណា​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង នៅ​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា នេះ​ថា ចំពោះ​បណ្ដឹង​មួយ​នេះ នារី​រង​គ្រោះ​ទើបនឹង​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការ​ស្រុក​កំពង់ត្របែក កាលពី​ម៉ោង​១០​ព្រឹក​ទី​០៩​ខែឧសភា នេះ​ទេ ។

លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល ស្រុក​និង​ខេត្ត ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ បើ​ឃើញ​ថា កូនលោក​ស្នងការ​រង​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​មែន លោក​នឹង​ចាត់ការ​តាម​ច្បាប់ ដោយ​មិន​យោគយល់​ឡើយ ៕