រថយន្តដឹក​សំរាមបុក​ស្លាប់​ម្នាក់និង២នាក់ទៀត​របួសធ្ងន់ស្រាល

ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិង កន្លែងកើតហេតុចំណែក២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលពួកគេជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកសំរាមបើកបុកចំ ពីក្រោយពេញទំហឹងរួចកិនបន្ថែមទៀត ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ឋត់នេះបានកើតឡើង នៅវេលា​ម៉ោង៦និង៤០ នាទី​ព្រឹក​ថ្ងៃទី១០ខែឧសភា​ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ៤ ត្រង់ចំណុច​ចន្លោះ​បង្គោល​គីឡូ២០៥និង២០៦ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម​ស្រុក​ព្រៃនប់ ខេត្តនិងក្រុងព្រះសីហនុ ។

ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ​ នេន វិជ្ជា ភេទ​ប្រុស​អាយុ២១ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានទីលំនៅ​ភូមិ​ទួល​ទទឹង១ ឃុំ​ទួល​ទទឹង​ស្រុក​ព្រៃនប់ ខេត្តនិងក្រុងព្រះសីហនុ។ ចំណែក២នាក់ទៀតបានរងបួសធ្ងន់និងស្រាលត្រូវបានគេបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំង៣នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿងឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ទិស ដៅចូលទៅក្រុងព្រះសីហនុ ខណៈ មកដល់ចំនុចកើតហេតុ ស្រាប់តែរថយន្តដឹកសំរាមបើកមកក្រោយបុកពេញទំហឹងរួចកិនបណ្ដាលឲ្យស្លាប់បុរសម្នាក់និង២នាក់ទៀតរបួសធ្ងន់និងស្រាលគេបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកអ្នក បើករថយន្តបង្ករត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ជនរងគ្រោះឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែក​រថយន្តបង្ក​និង​ម៉ូតូ​សមត្ថកិច្ចវាស់វែងយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ព្រៃនប់​រងចាំ​ការដោះស្រាយ​ពេលក្រោយតាម​និតិ​វិធី​ច្បាប់ ៕