នារីវ័យក្មេងម្នាក់ស្លាប់យ៉ាងអាណោចអធម៌ និងប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីផ្ទុះធុងហ្គាសក្នុងហាង ( ស៊ែរ អុី ប៉ាន់ យ៉ាប់ )បង្កជាអគ្គិភ័យ

ភ្នំពេញ៖ ករណីផ្ទុះធុងហ្គាសក្នុងហាង(ស៊ែរ អុី ប៉ាន់ យ៉ាប់ )របស់ជនជាតិឥណ្ឌា បានបង្កជាអគ្គិភ័យឆាបឆេះនិងបណ្ដាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់និងស្រាល រួមទាំងនារីវ័យក្មេងម្នាក់ដេកស្លាប់ក្នុងជាន់ឡៅតឿ យ៉ាងអាណោចអធម៌ ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នៅចំណុចផ្ទះលេខ១៦Eo ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីរងគ្រោះដែលស្លាប់ក្នុងករណីអគ្គិភ័យខាងលើ មានឈ្មោះ អ៊ិន ស្រីម៉ៅ អាយុ១៧ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។និងមានស្រុកកំណើតនៅភូមិអង្ក្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកមនុស្សប្រុសស្រី៤នាក់ដែលរងរបួសធ្ងន់ស្រាល ពុំស្គាល់អត្តសញ្ញាណនោះទេ ដោយភ្លាមៗត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុននឹងមានករណីអគ្គិភ័យឆាបឆេះហាងក្នុងផ្ទះល្វេង រួមទាំងបង្កឲ្យមនុស្សរបួសធ្ងន់ស្រាល រហូតឈានដល់ស្លាប់ម្នាក់ខាងលើ គឺ បណ្ដាលមកពីផ្ទុះធុងហ្គាស លាន់លឺជាខ្លាំង ដោយធុងហ្គាសបាខ្ទៀតមកខាងក្រៅ ហើយក៏ឆេះចេញជាអណ្ដាតភ្លើងតែម្ដង ដោយប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ រហូតប្រើពេលជាង១ម៉ោង និងប្រើទឹកពន្លត់ចំនួន៩ឡាន ទើបរលត់ទៅវិញជាស្ថាពរ ។ ហើយក្នុងករណីខាងលើក៏បង្កឲ្យភ្ញៀវ រួមទាំងបុគ្គលិកក្នុងហាងនោះរងរបួសធ្ងន់ស្រាល៤នាក់ និងនារីម្នាក់ជាបុគ្គលិក បានដេកស្លាប់នៅជាន់ឡៅតឿយ៉ាងអាណោចអធម៌ ។

ក្រោយមកសមត្ថកិច្ចបញ្ចូនជនរងគ្រោះដែលរបួសធ្ងន់និងស្រាល ទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល រីឯនារីរងគ្រោះដែលស្លាប់ក៏បានធ្វើកោល ស្យវិឆ័យ និងដឹកយកទៅតម្កល់នៅវត្តទួលសង្កែ រងចាំសាច់ញាតិសម្រេចចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕