រក​ឃើញ​​សារធាតុ​គីមី​ក្នុង​ទឹក​ព្រែក​ទេរ និង​ស្រាស ក្រោយ​ធ្វើតេស្ត​វិភាគ​បឋម​នៅ​នឹង​កន្លែង

​ខេត្តក្រចេះ ៖ ក្រសួងឧស្សាហកម្ម បាន​បង្ហាញ​ពី​លទ្ធផល​ពិសោធន៍ ដោយ​រក​ឃើញ​សារធាតុ​គីមី​ក្នុង​ស្រាស និង​ទឹក​ព្រែក​ទេរ នៅ​ខេត្តក្រចេះ ដែល​ជា​ហេតុផល​នាំ​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​រាប់​រយនាក់ ។ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម បានអោយ​ដឹង​ នៅ​រសៀល​ថ្ងៃ​ទី​៧ ឧសភា ២០១៨​នេះ​ថា មន្ត្រី​នៃ​មន្ទីរពិសោធន៍​ចល័តក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់នៅ​កន្លង​កើតហេតុ ដើម្បី​រក​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​កំពុង​សង្គ្រោះ​បន្ទាន់ ដោយ​បាន​ប្រមូល​យក​សំណាក​គំរូ ស្រាស និង​ទឹក​ក្នុង​ព្រែក​ទេរ នៅ​កន្លែង​កើតហេតុ មក​ពិនិត្យ​នៅ​នឹង​កន្លែង និង​នៅ​មន្ទីរពិសោធន៍​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

ជា​លទ្ធផល នៃ​ការ​ធ្វើតេស្ត​វិភាគជា​បឋម​នៅ​នឹង​កន្លែង និង​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឃើញ​ថា គំរូ​សំណាក​ស្រាស មាន​សារធាតុ​មេតា​ណុ​ល​១១,២២% «ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឲ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ​០,១៥%​ប៉ុណ្ណោះ» ។

ដោយឡែក គំរូ​សំណាក ទឹក​ព្រែក​ទេរ ៖ មាន​សារធាតុ​ក្រូម (Chromium) រហូត​ដល់​១៧៣ មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ «ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឲ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ​៥០​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ​» និងមាន​សារធាតុ​នី​ទ្រី​ត​រហូត​ដល់ ៧-២៣ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ (​ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឲ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ៣មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ​) ។

ដូចនេះ​ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​គ្រោះថ្នាក់​បន្ថែម​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ដងព្រែក និង​ដៃ​ព្រែក​ទេរ បញ្ឈប់​ការ​ពិសា​ស្រាស និង​អនុវត្ត​តាម​ការ​ណែនាំ របស់​រដ្ឋបាល​ខេត្តក្រចេះ ដោយ​បញ្ឈប់​ប្រើប្រាស់​ទឹក​ព្រែក​ទេរ និង​ទឹក​តាម​ដៃ​ព្រែក​ទេរ ជា​បណ្តោះអាសន្ន​សិន ហើយ​រង់ចាំ​ក្រុម​មន្ត្រី​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ ស្រាវជ្រាវ និង​ដកហូត​ស្រា​ដែល​មាន​ជាតិពុល និង​ពិនិត្យ​ឃើញ​ថា ទឹក​ក្នុង​ព្រែក​ទេរ ត្រូវ​បាន​សាប​អស់​ជាតិពុល​សិន បន្ទាប់​មក​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន​នឹង​ជូនដំណឹង​តាម​ក្រោយ ។

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម ។ ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ជួប​គ្រោះអាសន្ន ឬ​ទទួល​បាន​ដំណឹង​អំពី​ករណី​ទាំងនេះ សូម​មេត្តា​ផ្តល់​ដំណឹង​ជា​បន្ទាន់​ជូន​ភ្នាក់ងារ​មាន​សមត្ថកិច្ច កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​នោះ ។

សូម​បញ្ជាក់​ថា ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តី​ប្រកាស​មួយ បញ្ជាក់​អំពី​មូលហេតុ នៃ​ការ​ពុល​ស្រា នៅ​ក្នុង​ខេត្តក្រចេះ បន្ទាប់​ពី​ក្រុមការងារ​សុខាភិបាល​បាន​ពិសោធន៍​រួច ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ករណី​ពុល​ទឹក ក្រសួង​កំពុង​ស្រាវជ្រាវ និង​ពិសោធន៍​បន្ត​ទៀត ហើយ​មូលហេតុ​ពិត​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ ។

បើ​តាម​ក្រសួងសុខាភិបាល ករណី​ពុល​ស្រា នៅ​ខេត្តក្រចេះ​នេះ ដោយសារ​តែ​នៅ​ក្នុង​ស្រា​នោះ មាន​ផ្ទុក​ជាតិ​មេតា​ណុ​ល​ខ្ពស់​ខ្លាំង​ពេក ដែល​ធ្វើ​ឱ្យ​ពុល​តែ​ម្តង ។ ដោយឡែក​ការ​វិភាគ​សំណាក​ទឹក​ដែល​ផ្ញើ​មក​ពី​ភូមិ​ពាក់ព័ន្ធ ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ ។

លិខិត​របស់​ក្រសួងសុខាភិបាល បាន​សម្រេច​ចាត់វិធានការ​ដែល​បាន​ដាក់​ចេញ​របស់​អាជ្ញាធរ​មូលដ្ឋាន​រួម​មាន ៖ ១- ការ​បញ្ឈប់ ការ​បិត និង​លក់​ស្រា​.​ស ក្នុង​មូលដ្ឋាន ។ ២- បំរាម​ប្រជាជន​ក្នុងភូមិ កុំ​ឲ្យ​ប្រើប្រាស់​ទឹកអូរ​ក្នុង​តំបន់​សង្ស័យ និង​ជួយ​ដឹក​ទឹក​ស្អាត​ផ្គត់ផ្គង់​ដល់​អ្នក​ភូមិ ។ និង​៣- អប់រំ​អនាម័យ​រស់នៅ និង​ហូប​ស្អាត​ដល់​ប្រជាជន​ក្នុងភូមិ ៕