ប្តីប្រពន្ធឈ្លោះគ្នាទុកកូនប្រុសអាយុ៤ខែ ឃ្លានទឹកដោះម្តាយយំរហូតដាច់ខ្យល់

ភ្នំពេញ ៖ គួរឲ្យអាណិតទារកអាយុ៤ខែម្នាក់ដែលធ្លាប់តែបៅដោះ ម្តាយបែរជាមានជម្លោះក្នុងគ្រួសាររវាងប្តី និង ប្រពន្ធហើយស្ត្រីជា ប្រពន្ធរវល់ដើរលេងឯប្តីរវល់ការងារទុកកូនចោលជាមួយជីដូន ដោយសារតែស្រេកឃ្លានទឹកដោះម្តាយទោះបីឲ្យបៅទឹកដោះគោ បៅក៏មិនបៅដែរ យំរហូតដល់ដាច់ខ្យល់ស្លាប់ តើនេះជាកំហុស នរណា ? រឿងរ៉ាវដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០១៨ ស្ថិតនៅក្នុងវត្តចាក់ អង្រែក្រោម ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា គេឃើញមាន បុរសម្នាក់ដែលអះអាងថា ជាឪពុករបស់សពទារកខាងលើនេះដោយ បីសពកូនដើរចូលសំដៅមកមច្ឆារួចតថ្លៃជាមួយតាអាចារ្យ ឲ្យជួយ និមន្តព្រះសង្ឃមកសូត្រមន្ត និង រៀបចំបូជាសពកូនប្រុសខ្លួនភ្លាមៗ ដោយពុំរាយការណ៍ទៅសមត្ថកិច្ចឡើយ ។ ប្រភពដដែលបន្តថា បន្តិចក្រោយមកគេឃើញស្ត្រីជាម្ដាយនៃសពនោះក៏បានមកដល់ដែរ ដោយបានប្រាប់ឲ្យដឹងថា « ប្ដីរបស់នាងឈ្មោះ ម៉ៅ មករា ពួក គេរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការទេ ជិត៣ ឆ្នាំហើយ ហើយក្រុមគ្រួសារទាំងសងខាងមិនសូវពេញចិត្តទេ ពួកគេ ទើបតែសម្រាលបានកូនប្រុសម្នាក់អាយុ៤ខែប៉ុណ្ណោះ » ។

បន្ទាប់ពីនិយាយរួចភ្លាមនោះស្ត្រីដែលត្រូវជាម្ដាយមីងខាងប្តីបាន ដើរមកស្រែកស្ដីឲ្យស្ត្រីជាម្ដាយរបស់ទារក៤ខែនោះថា មកពីនាង ឯងទុកកូនចោលរួចរត់ចោលកូនបាត់ ទើបកូនគ្មានទឹកដោះបៅ ស្រែកឃ្លានទោះឲ្យបៅទឹកដោះគោ ក៏មិនព្រមបៅរហូតទាល់តែ កូនហើមពោះយំរហូតដល់ដាច់ខ្យល់ស្លាប់ទើបនាងឯងមក ។

បើតាមសម្តីស្ត្រីជាម្ដាយមីងខាងប្រុសបាននិយាយដដែលៗថា មកពី នាងនឹងយកកូនមកឲ្យខាងប្រុសមើលរួចរត់ចោលកូនបាត់ ។
ភ្លាមនោះរូបនាងក៏ឆ្លើយតបវិញថា នាងគ្មានកំហុសអីនោះទេមកពី ក្រុមគ្រួសារសាច់ញាតិប្ដីនាងទេ មិនបានពេញចិត្តរូបនាងជាប្រពន្ធ ឡើយហើយថ្ងៃដែលនាំចេញទៅនោះគឺបានឈ្លោះទាស់សម្តីគ្នា ជាមួយប្ដីដោយប្រចណ្ឌខឹងប្ដីទៅលួចមានស្រីហើយមិនសូវមាន ពេលជួយមើលថែកូនទេ ហើយដោយសារតែអន់ចិត្តគ្រួសារខាងប្ដី មិនសូវពេញចិត្តនាងផង ទើបនាងទុកកូនឲ្យក្រុមគ្រួសារខាងងប្ដីជួយ មើលថែជំនួស ទើបនាងចេញទៅវិញបាត់ ទៅ ។ រហូតឈ្លោះ ទាស់សម្ដីគ្នាផ្អើលពេញវត្តមុខមច្ឆាតែម្ដង ក្រោយមកក៏មានគេឃាត់ ក៏ស្ងាត់ទៅវិញរាងៗខ្លួន ។

រឿងរ៉ាវយ៉ាងណាខ្លះនោះបុរសជាប្ដីមិនព្រមនិយាយអ្វីទេ គ្រាន់តែថា « រឿងនឹង ចប់អស់ហើយ » ។ បន្ទាប់មកស្ត្រីជាម្ដាយមីងក៏បាន ឲ្យបុរសជាប្តីនោះឡើងជិះម៉ូតូជាមួយប្អូនចេញទៅបាត់ទៅ។ ចំណែកឯ ប្រពន្ធក៏ចាកចេញទៅបាត់ដែរ ។ លោកតាអាចារ្យ ក៏សម្រេច លើកសពមករៀបចំបូជាក្នុងមច្ឆាតែម្ដង ។ ហើយគ្រួសារខាងប្រុស បានរង់ចាំរើសធាតុទារកដ៏កម្សត់នោះ ទៅរៀបចំទុកតាមប្រពៃណី ៕