ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍តិចតួច ហៅគ្នីគ្នាស្កាត់វាយដល់ផ្ទះរងរបួសធ្ងន់ លុះព្រឹកឡើងដាច់ខ្យល់ស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងអំពើហិង្សារ វាយតប់គ្នា ដែលគ្រាន់តែផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ហើយទាស់ពាក្យសម្តីគ្នាតិចតួច នៅចំណុចមុខបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ។

ជនរងគ្រោះមានឈ្មោះ ស្រ៊ុន វិចិត្រ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅចំណុចកើតហេតុ ។ ដោយឡែកជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្នាក់មានឈ្មោះ ម៉េង ភារះ ហៅអាវ៉ូច អាយុ២៧ ឆ្នាំ មុខរបរអ្នករត់តុការ មានទីលំនៅក្បែរកន្លែងកើតហេតុ ។ អ្នកទាំង២ជាមនុស្សធ្លាប់ស្គាល់គ្នា ។

តាមការរៀបរ៉ាប់របស់បុរសជាបងថ្លៃមានឈ្មោះ សម គុយ អាយុ ៤៣ឆ្នាំ បានរៀបរ៉ាប់អោយដឹងថា នៅយប់ថ្ងៃកើតហេតុ វេលាម៉ោង៩ ខ្លួន និងប្អូនប្រុសដែលជាជនរងគ្រោះ បានហូបចុកជាមួយគ្នានៅផ្ទះ លុះអស់សាច់ក្លែង ពួកគេទាំង២នាក់ បាននាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា បំណងទៅទិញសាច់ក្លែមយកមកផឹកបន្ត ប៉ុន្តែមិនទាន់ធ្វើដំណើរដល់ផង ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍បើកបុកគ្នា ជាមួយម៉ូតូមួយគ្រឿងម៉ាកឃ្លីក ដែលជិះធ្វើថំណើរដោយបុរស២នាក់ផ្សេងទៀត ។ ពេលនោះក៏កើតមានពាក្យសម្តីគ្នា រហូតភាគីខាងម៉ូតូឃ្លីក បានទំនាក់ទំនងហៅគ្នីគ្នាមកយ៉ាងច្រើនបំណងបង្កជម្លោះ ប៉ុន្តែពេលបក្សពួកមកដល់ទីតាំងកើតហេតុ បានឃើញភាគីខាងម៉ូតូវីវ៉ា សុទ្ធតែជាមនុស្សធ្លាប់ស្គាល់គ្នា ដូច្នេះហើយសម្រេចចចារបញ្ចប់ទំនាស់ដោយសម្តីតិចតួច ។

ភាគីខាងម្ចាស់ម៉ូតូឃ្លីក ដែលជាអ្នកជួបគ្រោះថ្នាក់ចរាចរណ៍មិនបាននៅកន្លែងកើតហេតុទៀតឡើយ ដោយបានលើកម៉ូតូចាកចេញទៅបាត់ នៅឡើយតែជនសង្ស័យម្នាក់ខាងលើឈ្មោះ ម៉េង ភារះ ហៅវ៉ូច នៅបង្កជម្លោះពាក្យសម្តីយ៉ាងខ្លាំងខ្លា នៅកន្លែងកើតហេតុ ជាមួយភាគីម៉ូតូវីវ៉ាទាំងខ្លួនមិនមែនជា ម្ចាស់ដើមចម នៃការកកើតអោយមានគ្រោះថ្នាក់ចរាចរណ៍ផងនោះ ។

បើទោះបីជាកើតមាន ជម្លោះខ្លាំងយ៉ាងណាក៏ដោយ ក៏ភាគីទាំងអស់ បានបញ្ចប់គ្នា ហើយចាកចេញទៅផ្ទះរៀងៗខ្លួន ។ លុះពេលជនរង គ្រោះដែលជាភាគីខាងម៉ូតូវីវ៉ា ធ្វើទៅដល់មុខផ្ទះ បុរសជាបងថ្លៃបានជិះម៉ូតូចូលផ្ទះ ហើយបុរសជាប្អូនថ្លៃ បានដើរសំដៅទៅបន្ទប់ជួលដែលនៅទល់មុខគ្នានឹងបងប្រុស ។ ភ្លាមនោះស្រាប់តែលិចមុខជនសង្ស័យឈ្មោះ វ៉ូច និងបក្សពួកជាច្រើននាក់ បានមកវាយជនរងគ្រោះជាប្អូនថ្លៃ ហើយរត់គេចយ៉ាងលឿនតែម្តង ។ ឃើញហេតុការណ៍ដូចនេះបុរសជាបង បានរត់ទៅមើលប្អូនយ៉ាងលឿន តែទៅដល់ប្អូនត្រូវសន្លប់បាត់បង់ស្មារតីឈឹង ។

បុរសជាបងថ្លៃបន្តថា តាំងពីពេលកើតហេតុ រហូតដល់ម៉ោង៦ព្រឹកថ្ងៃទី០៣ ខែឆ្នាំដដែល ប្អូនថ្លៃមិនព្រមដឹងខ្លួនសោះ ទើបក្រុមគ្រួសារយកទៅពិនិត្យនៅមន្ទីរពេទ្យបាយ័ន្ត ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យមិនប៉ុន្មានផង ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង ។បន្ទាប់ពីជនរងគ្រោះ ត្រូវស្លាប់ហើយនោះ សាច់ញាតិបានយកសពមកតម្កល់ទុកនៅក្នុងបរិវេណវត្តចាក់អង្រែក្រោម ហើយនាំគ្នារត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្តងទៅ ។

ក្រោយទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះរួចមក កម្លាំងនគរបាល នៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ខែឆ្នាំដដែល ក៏បានឈានទៅឃាត់ជនសង្ស័យដល់លំនៅឋានតែម្តង យកមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ដើម្បីសាកសួរនាំបន្ថែម ។

តាមចម្លើយចំពោះមុខ សមត្ថកិច្ច ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានវាយជនរងគ្រោះប្រាកដមែន ដោយវាយបានតែមួយដៃប៉ុណ្ណោះ ។ ដោយឡែកចំពោះការវាយវិញ ជនសង្ស័យពុំបានឆ្លើយសារភាពថា ខ្លួនវាយតែម្នាក់ឯង ឬមានគ្នីគ្នាផ្សេងទៀតនោះឡើយ ខណះបងថ្លៃជនរងគ្រោះអះអាងថា មានគ្នាច្រើនលើសពីម្នាក់ ។

យ៉ាងណាមិញគិតត្រឹមរសៀលថ្ងៃទី០៣ខែឆ្នាំដដែលនេះ ជនសង្ស័យមិនអាចផ្តល់ចម្លើយអ្វីច្រើនដល់សមត្ថកិច្ចឡើយ ព្រោះគេមានអាការះស្រវឹងជោគជាំ ពិបាកសមត្ថកិច្ចធ្វើការសាកសួរព័ត៌មានអ្វីផ្សេងទៀតណាស់ ។ ចំពោះសពជនរងគ្រោះ សមត្ថកិច្ចកោសល្យវិច្ច័យបញ្ជាក់ថា ពិតជាស្លាប់ដោយសារការវាយប្រាកដមែន ប៉ុន្តែនៅមិនទាន់ដឹងថា វាយដោយដៃ ឬវត្ថុរឹងមាំអ្វីមួយឡើយ ខណះដែលសភាពសពមានស្នាមជាំនៅនឹងផ្នែកក្រោមឃ្លៀកខាងឆ្វេង ៕