តុលាការសម្រេចឃុំខ្លួនបុរសចិន៣នាក់និងស្ត្រីខ្មែរម្នាក់បណ្តោះអាសន្ន ពាក់ព័ន្ធរឿង នាំស្ត្រីខ្មែរទៅការប្តីនៅស្រុកចិន

ភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរស ចិន ៣នាក់ និងស្ត្រីខ្មែរម្នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពាក់ព័ន្ធ ករណី នាំស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិន។

សមត្ថកិច្ចឲ្យដឹងថា ជនត្រូវចោទទាំង ០៤នាក់រួមមាន៖
-ទី១ឈ្មោះ JI JIAXIN ភេទប្រុស ជនជាតិចិន (ជាប្តី)
-ទី២ឈ្មោះ តែម អឿន ភេទស្រី ជនជាតិខ្មែរ (ជាប្រពន្ធ)
-ទី៣ឈ្មោះ ZHANG LIANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន (ជាអ្នកទិញនារីខ្មែរធ្វើប្រពន្ធ)
-និងទី៤ឈ្មោះ YAN FAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន (ជាអ្នកទិញនារីខ្មែរធ្វើប្រពន្ធ)

ប្រភពដដែលបាន ឲ្យដឹងថា លោក ហោ លីណា ជាតំណាងអយ្យការបានចោទប្រកាន់ លើជនត្រូវចោទទាំង ០៤នាក់ ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តនៅរាជធានីភ្នំពេញ យោងតាមមាត្រា ១០ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សូមបញ្ជាក់ថា ដោយមានកិច្ចសហការរវាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ និងអង្គការមេត្រីភាព អន្តរជាតិ ហៅកាត់ថា AIM SWAT បានឃាត់ខ្លួនក្រុមជនត្រូវចោទខាងលើ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ម្កុដមាស ក្បែរផ្សារទំនើបស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលពួកគេកំពុង ពិភាក្សាគ្នា និងរៀបចំឯកសារ ចេញទៅប្រទេសចិន ក្រោមរូបភាពរៀបអាពិហ៍ពិពាហ៍។
ក្រោយឃាត់ខ្លួនក្រុមជនត្រូវចោទខាងលើសមត្ថកិច្ចបានជួយសង្គ្រោះ បាន នារីខ្មែររងគ្រោះ ចំនួន ០២នាក់ ដែលមានស្រុកកំណើតមកពីខេត្តតាកែវ ៕