ស្រវឹងឡើងជោកជាំបើករថយន្ដសេរីទំនើបបុករៈបង្គោលភ្លើងនិងរថយន្ដមួយទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដសេរីទំនើបម៉ាក RANGE ROVER ក្នុងល្បឿនលឿនបាត់បង់ម្ចាស់ការបុករៈបង្គោលភ្លើងបំភ្លឺចំនួនពីរដើមនិងរថយន្ដឡិចសុីសមួយគ្រឿងទៀតតែសំណាង ល្អមិនបង្កអោយមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិត្ត ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៤៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងលិចជាប់រង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាកRANGE ROVER ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W-8558 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរាម្រឹត ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យដោយស្ថានភាពមានសភាពកោង និងអ្នកបើកបរបាត់បង់ម្ចាស់ការផងនោះ ក៏ជ្រុលចង្កូតឡើងឃឿនបុករៈបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ចំនួនពីរដើមនិងរថយន្ដឡិចសុីសមួយគ្រឿងទៀតដែលឈប់លើចិញ្ចើមផ្លូវខូចខាតផ្នែកខាងក្រោយ ចំណែករថយន្ដខ្ទេចផ្នែកខាងមុខទាំងស្រុងតែម្ដង ។

តាមការរៀបរាប់ពីអ្នកបើករថយន្ដបង្កដែលរៀបរាប់ទាំងស្ថានភាពស្រវឹងបានអោយដឹងថា រូបគេទើបតែចេញពីជួបមិត្តភក្តីនៅ សោន ក្លឹប ហើយបំណងបើកទៅផ្ទះនៅម្ដុំផ្សារឌុយម៉េច តែមកដល់ចំណុចកើតហេតុក៏ជួបគ្រោះថ្នាក់តែម្ដង។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កនិងឃាត់ខ្លួនអ្នកបើករថយន្ដបង្កយកទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕