មានលុយរហូតបានងារជាឧកញ៉ា បែរជាជំពាក់ថ្លៃសំរាម

ប្រធានក្រុមហ៊ុនហេងតារាដែលជាក្រុមហ៊ុន ទទួលបានសិទ្ឋិវិនិយោគផ្សារបានលុង ខេត្តរតនគិរី គឺលោកឧកញ៉ា សា លាង ត្រូវបានសាលាដំបូងខេត្តរតនគិរីសម្រេចចេញដីការក្សការពារដោយ មិនអនុញ្ញាត ឲ្យដើរយក ភាស៊ី នៅមុខផ្សារបានលុង ដែលជាតំបន់លេខ៤តទៀតនោះឡើយ និងហាម យកសំរាមទៅ ចាក់លើទីតាំងនេះផងដែរ បន្ទាប់ពីលោកឧកញ៉ារួបនេះជំពាក់លុយថ្លៃសំរាមជាង៤ម៉ឺនដុល្លារ ។ ការសម្រេចរបស់សាលាដំបូងខេត្តរតនគិរីខាងលើនេះ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់លោក ជា គួង ម្ចាស់ ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងបានលុង និងជាម្ចាស់បំណុលរបស់ឧកញ៉ា សា លាង ផងដែរ ។

បើតាមដីការរក្សាការពាររបស់សាលាដំបូងខេត្តរតនគិរី បានបញ្ជាក់ថា «ហាមឃាត់កូនបំណុល ឈ្មោះ សា លាង ជានាយកក្រុមហ៊ុនហេងតារា អ្នកវិនិយោគផ្សារបានលុងខេត្តរតនគិរី មិនឲ្យបុគ្គលិកឈ្មោះ ជាម សុផាត, ឌី និងអ្នកដទៃទៀត ធ្វើសកម្មភាពយកភាស៊ីនៅតំបន់ទី៤ និងហាមកូនបំណុលយក សំរាមមក ចាក់នៅលើដីតំបន់៤ នៃប្លង់ផ្សារបានលុង»។

យ៉ាងណាយោងតាមដីការការពារក៍បានបញ្ជាក់ដែរថា លោកឧកញ៉ា សា លាង ត្រូវបានរដ្ឋបាលសាលាខេត្ តរតនគិរី អនុញ្ញាតឲ្យយកភាស៊ីតែក្នុងតំបន់លេខ១ លេខ២ និងលេខ៣តែប៉ុណ្ណោះ ដោយ ឡែកតំបន់លេខ៤ ដែលជាដីទំនេរវាស់វែង និងប្រគល់ជូនដោយគណៈកម្មការអន្តរក្រសួង មិនអនុញ្ញាតឲ្យយកភាស៊ីនោះឡើយ ។

បើតាមលោក ជា គួង ប្រធានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងបានលុង បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុង ស្រុក ថា ព្រោះតែទង្វើយកអំណាចបំពានច្បាប់របស់ឧកញ៉ា សា លាង នេះហើយ ទើបរូបលោកសម្រេចដាក់ពាក្យ បណ្តឹង ទៅតុលាការ ដើម្បីតុលាការឲ្យចេញដីការរក្សាការពារមិនឲ្យបុគ្គលរូបនេះទារភាស៊ីពីអាជីវករនៅមុខផ្សារ និងបញ្ឈប់យកសំរាមទៅចាក់ចោលនៅតំបន់នេះទៀត។
ប្រធានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងបានលុង លោក ជា គួង ក៏បានសម្តែងការខកចិត្តផងដែរ ចំពោះ អាជ្ញាធរ ក្រុងបានលុង ដែលបន្តព្រងើយកន្តើយមិនព្រមចាត់វិធានការទៅលើឧកញ៉ា សា លាង ហើយបន្តឲ្យ ឧកញ៉ារូបនេះយកសំរាមមកចាក់ចោលសំអុយកណ្តាលទីក្រុង។

លោក ជា គួង បន្តថា តាមអនុក្រឹត្យស្តីពីបញ្ហាបរិស្ថាន គឺអាជ្ញាធរត្រូវតែប្តឹងឧកញ៉ា សា លាង យកថវិកាចូលរដ្ឋ ចំពោះ ទង្វើបំផ្លាញបរិស្ថានដោយគរសំរាមទុកចោលបែបនេះ ។ ទាំងលោកឧកញ៉ា សា លាង ប្រធានក្រុមហ៊ុន ហេង តារា និង លោក ជា គួង ប្រធានក្រុមហ៊ុន «គីម ជ្រា» ជាអ្នកទទួលប្រមូលសំរាមនៅទូទាំងក្រុងបានលុង មិនអាចរកការសុំបញ្ជាក់និងបំភ្លឺតបបានទេនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ៕