តេស្តទឹកនោម បុគ្គលិក « ក្លឹ ប បុរស » រក សារធាតុញៀន រួចឲ្យថៅកែចិនធ្វើកិច្ចសន្យា

ខេត្ត​ព្រះ​សីហ​នុ៖ បើ​យោង​តាម​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ ចំពោះ​ករណី​ក្មេង​៣​នាក់ ដែល​ពុល​ភេសជ្ជៈ​នៅ​ក្រុងព្រះសីហនុ កម្លាំង​នគរបាល​របស់​ខ្ញុំបាទ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ​ក្លឹ​ប «Men-​បុរស​» បន្ទាប់​ពី​ឃាត់ខ្លួន​បាន​បុគ្គលិក របស់​ក្លឹ​បម្នាក់​ដែល​បាន​យក​ដប​ថ្នាំ​ម្យ៉ាង មក​លាយ​ទឹក​ឲ្យ​ក្មេង​ៗ ទាំងនោះ​ផឹក ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា នៅ​ម៉ោង​ប្រមាណ​១១​យប់មិញ​នេះ បន្ទាប់​ពី​មានការ​សម្រប សម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នគរបាល បាន​ធ្វើ​ប្រតិបត្តិការ​ឆ្មក់​ចូល​ក្លឹ​ប Men ក្នុង​ប្រតិបត្តិការ​នោះ ដោយ​បាន​ធ្វើតេស្ត​ទឹកនោម​បុគ្គលិក​ទាំងអស់ ប៉ុន្តែ​ពួក​គេ​មិន​មាន​ជាប់​ពាក់ព័ន្ធ សារធាតុ​ញៀន​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បន្ថែម​ទៀត​ថា ដោយឡែក​សម្រាប់​ការ​ធ្វើតេស្ត​ទឹកនោម ចំពោះ​យុវជន​ដែល​យក​ថ្នាំ​លាយ​ឲ្យ​ក្មេង​ផឹក និង​ក្មេង​៣​នាក់ ដែល​បាន​ផឹកទឹក​ថ្នាំ​នោះ គឺ​រក​ឃើញ​ថា ពួក​គេ​បាន​ផឹកទឹក​មាន​លាយ​សារធាតុ «BAMA» ដែល​ជា​ប្រភេទ​ថ្នាំ​សប្បាយ ។

បើ​តាម​សមត្ថកិច្ច​បាន​រៀបរាប់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ក្មេង​ប្រុស​ចំនួន​៣​នាក់ បាន​ស្រែក​ឡូឡារ​ង្វេ​ង​ស្មារតី បន្ទាប់​ពី​ត្រូវ​បាន​បុរស​ម្នាក់​ឲ្យ ទឹកក្រូច​ផឹក ហើយ​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ (​អ្នក​ដែល​ឲ្យ​ទឹកក្រូច​ក្មេង​ផឹក​) ឈ្មោះ វ៉ា​ន់ វុ​ត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន ក្រុម​២១ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មុខរបរ​ធ្វើការ​នៅ​ក្លឹ​ប​មួយ ក្នុង​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​សារភាព​ថា នៅ​យប់​ថ្ងៃ​ទី​២៦ ឈាង​ចូល​ថ្ងៃ​ទី​២៧ ខែមេសា វេលា​ម៉ោង​ប្រហែលជា​១២​ជាង​រំលង​អា​ធ្រា​ត្រ រូបគេ​បាន​យក​សំរាម​ទៅ​បោះចោល​នៅ​ក្រៅ​ក្លឹ​ប នៅ​ពេល​គេ​ត្រឡប់​មក​ពី​បោះ​សំរាម​ចោល ក៏​ប្រទះ​ឃើញ​ដប​ពណ៌​មាស​មួយ​ដប ដំបូង​គេ​ស្មាន​តែ​គ្រាប់កាំភ្លើង ពេល​នោះ​រូបគេ​ក៏​បាន​រើស​យក​មក​ទើប​ដឹង​ថា មិនមែន​ជា​គ្រាប់កាំភ្លើង​ទេ រូបគេ​ក៏​បាន​ក្រឡុក​មើល និង​ចាក់​មើលឃើញ​មានទឹក​ពណ៌​ស្វាយ ហើយ​ដប​វា​ពណ៌​មាស ហើយ​រូបគេ​ក៏​មានការ​សង្ស័យ​ថា ជា​ថ្នាំ​គ្រវី ភ្លាម​នោះ​ក៏​ចាក់​ចូល​ក្នុង​ដប​ទឹក​សុទ្ធ សំរាប់​ទុក​សាក​ខ្លួនឯង លុះដល់​ម៉ោង​៥​ទៀប​ភ្លឺ រូបគេ​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ និង​យក​ដប​ទឹក​នោះ​មក​ជាមួយ ពេល​មក​ដល់​ផ្ទះ​រូបគេ​ដេក​បាន​ប្រហែលជា​៤​ម៉ោង​ក៏​ក្រោក​ឡើង​ទៅរ​កអី​ញាំ ទិញ​បារី​ជក់ និង​ទិញ​ទឹក​ភេសជ្ជៈ​ម៉ាក​មួយ​កំប៉ុង ពេល​នោះ​រូបគេ​ក៏​លាយ​ទឹក ពណ៌​ស្វាយ ដែល​គេ​រើស​បាន​នោះ​ចូល​ទៅ​ក្នុង​ទឹក​ភេសជ្ជៈ​រួច​ផឹក​បាន​បន្តិច ក៏​មាន​ក្មេង​ៗ ប្រហែលជា​៣​នាក់ ដើរមក​ជិត​រូបគេ នឹង​បាន​សុំ​ទឹកក្រូច​នោះ​ផឹក ហើយ​រូបគេ​ក៏​បាន​ឲ្យ​ពួកក្មេង​ៗ​នោះ​ផឹក​។(​បើ​តាម​ការ​ស្រាវជ្រាវ ជនសង្ស័យ​នេះ​មិន​បាន​ទៅ​ធ្វើការ​នៅ​ក្លឹ​ប​យប់​ថ្ងៃ​នោះ​ទេ​)

រហូត​មក​ដល់​ពេល​នេះ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​៣​នាក់បាន​ធូរស្បើយ​វិញ​ហើយ ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​លំនៅ​ដាន​រៀង​ៗ​ខ្លួន​វិញ​។ ក្មេង​ទាំង​៣​នោះ​មានឈ្មោះ ឆ​ន ឆ​វិ​ន ភេទ​ប្រុស អាយុ​១០​ឆ្នាំ​, ទី​២៖​ឈ្មោះ សូ រតនា ភេទ​ប្រុស អាយុ​៨​ឆ្នាំ និង​ទី​៣៖​ឈ្មោះ សូ រិ​ទ្ធី ភេទ​ប្រុស អាយុ​៧​ឆ្នាំ ៕